ធឿន ធារ៉ា ទម្លាយការពិត ក្រោយរងការរិះគន់ថា ជាមនុស្សរមិលគុណ លួចចុះកុងត្រាស្ងាត់ៗចោលគ្រូ អេ ភូថង
រាជធានីភ្នំពេញ ៖ មហាជនបាននិងកំពុងផ្ទុះការប្រតិកម្ម ហើយបង្ហាញការមិនពេញយ៉ាងខ្លាំង បន្ទាប់ពីកូនសិស្សដ៏ឆ្នើមរបស់លោកគ្រូ អេ ភូថង និងជាអ្នកប្រដាល់គុនខ្មែរ ដែលកំពុងសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញ នោះគឺលោក ធឿន ធារ៉ា ត្រូវគេលើកឡើងថា «លោកបានលួចទៅចុះកុងត្រាជាមួយក្លិបប្រដាល់ថ្មីយ៉ាងស្ងាត់ៗ ដោយមិនប្រាប់លោកគ្រូ អេ ភូថង សូម្បីមួយម៉ាត់»។
ទោះបីជាការពិតមិនទាន់ត្រូវបានលាតត្រដាងក្តីថា តើកីឡាករ ធឿន ធារ៉ា ពិតជាបានទៅចុះកុងត្រានៅក្លិបប្រដាល់ថ្មីឬយ៉ាងណាក្តី? តែមានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានបញ្ចេញមតិសម្តែងនូវការខឹងសម្បារជំនួសលោក អេ ភូថង និងពន្លះចំៗទៅកាន់លោក ធឿន ធារ៉ា ថា «ជាមនុស្សរមិលគុណ ផឹកទឹកភ្លេចប្រភព និងជាមនុស្សគ្មានសុជីវធម៌»។ និងមានបងប្អូនខ្លះទៀតលើកឡើងថា «បើជាការពិតមែននោះ ធឿន ធារ៉ា គឺជាមនុស្សដែលគ្មានទំនួលខុសត្រូវឡើយ» និងខ្លះទៀតនិយាយចំៗថា «បានល្បី រកចំណូលបាន ក៏រត់ចោលលោកគ្រូដែលខិតខំបង្ហាត់បង្រៀន» ជាដើម។
ការលើកឡើងយ៉ាងផុសផុលរបស់មហាជន ក៏ដូចជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ កើតឡើង បន្ទាប់ពីលោកគ្រូ អេ ភូថង បានចេញមុខបង្ហោះសារទាំងឈឺចាប់ និងបង្ហាញការហួសចិត្តនៅលើហ្វេសប៊ុកផេកផ្លូវការនាយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោកគ្រូ អេ ភូថង អតីតកីឡាករប្រដាល់គុនខ្មែរ ដែលមានរហ័សឈាម «កែងឆេះ ជង្គង់ហោះ» បានសរសេរនៅលើបណ្ដាញសង្គម ដោយមានខ្លឹមសារទាំងស្រុងថា «ថ្ងៃនេះ ផុសរាងយប់បន្តិចហើយ ទម្រាំដាច់ចិត្តហ៊ានផុស ព្រោះគេធំ។ ខ្ញុំ អេ ភូថង មិនដឹងអីផង ហេតុអ្វីបានជាទៅស៊ីញ៉េកុងត្រាសិស្សរបស់ខ្ញុំអោយទៅអ្នកដទៃ ដោយមិនបានសួរខ្ញុំមួយមាត់?»។
លោកគ្រូ អេ ភូថង លើកឡើងបន្តថា «ចុះកាលពេល ៥ ទៅ ៦ ឆ្នាំមុន សិស្សខ្ញុំមិនទាន់ល្បី ហេតុអីអ្នកមិនដណ្ដើមយកសិស្សខ្ញុំទៅ? ហើយអ្នកដែលទៅចុះកុងត្រាអោយគេនឹងកាលពីសិស្សធ្លាក់ខ្លួនមិនទាន់ល្បី ហេតុអ្វីមិនមើលថែគាត់ផង? ដល់ពេលខ្ញុំសាងកេរ្តិ៍ឈ្មោះអោយគាត់បានល្បី ហេតុអ្វីអ្នកឯងទៅស៊ីញ៉េកុងត្រាដោយមិនបានប្រាប់ខ្ញុំអីមួយមាត់ចឹង? ឃើញខ្ញុំតូចទាបជាងអ្នក គិតថាខ្ញុំមិនដល់មែនទេ ឃើញខ្ញុំមិនមាត់កុំថាខ្ញុំភ្លើអោយសោះ! ខ្ញុំត្រឹមតែអតីតកីឡាករជើងចាស់មួយរូបតែប៉ុណ្ណោះ គ្មានខ្សែដូចអ្នកទេ តែសូមចេះអោយតម្លៃខ្ញុំផង! មិនចប់ដោយស្រួលៗនោះទេ»។
យ៉ាងណាមិញ ក្នុងសំណេរដែលបង្ហោះដោយលោកគ្រូ អេ ភូថង មិនបានបញ្ជាក់ថា ជាកូនសិស្សមួយណាឡើយដែលទៅចុះកុងត្រាជាមួយក្លិបថ្មី ដោយមិនបានប្រាប់សូម្បីមួយម៉ាត់នោះ។ តែបើងាកមកចាប់អារម្មណ៍តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកឯណេះវិញ លោកគ្រូ អេ ភូថង បានបញ្ជាក់យ៉ាងច្បាស់ៗថា កូនសិស្សដែលទៅចុះកុងត្រាជាមួយក្លិបថ្មីដោយមិនប្រាប់លោកគ្រូនោះ គឺជាកីឡាករ ធឿន ធារ៉ា។ ក្នុងនោះលោកគ្រូ សូមមិនបញ្ជាក់ឈ្មោះក្លិបថ្មី ដែលកីឡាប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានទៅចុះកុងត្រាជាមួយឡើយ។
ដើម្បីស្វែងយល់ការពិតជុំវិញរឿងរ៉ាវខាងលើនេះ កីឡាករ ធឿន ធារ៉ា វិញ តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាពបានបញ្ជាក់ច្បាស់ថា «លោកមិនបានដឹងអ្វីនោះទេ»។ លោក ធឿន ធារ៉ា បានបដិសេដនូវការចុះផ្សាយនានាថា «លោកបានចុះកុងត្រាជាមួយក្លិបប្រដាល់ថ្មី»។
លោកបញ្ជាក់មូលហេតុថា «ចាប់តាំងពីលោកឈឺដៃមក គឺលោកសម្រាកនៅតែក្នុងស្រុក ហើយដំណឹងដែលលេចលឺថា លោកបានទៅចុះកុងត្រានៅក្លិបគេផ្សេងនោះ លោកមានការងឿងឆ្ងល់ជាខ្លាំង ដោយសាមីខ្លួនពុំបានដឹងរឿងខាងលើនេះទាល់តែសោះ»។
កីឡាករ លោក ធឿន ធារ៉ា សូមច្រាលការដំណឹងខាងលើ ហើយរឿងដែលថា ក្បត់គ្រូ លោកក៏សូមបដិសេធដូចគ្នា ព្រោះលោកមិនដែលបានទៅណានោះទេ ក្រោយពេលលោកមានរបួសដៃជាច្រើនខែមក។
ប្រាកដណាស់ កីឡាករលោក ធឿន ធារ៉ា បានធ្វើបកស្រាយហើយ ដោយសង្ឃឹមថា ប្រិយមិត្តដែលជាអ្នកគាំទ្រឈប់មានការសង្ស័យ និងឈប់ចោទប្រកាន់រូបលោកទៀត។ ជាចុងក្រោយ កីឡាករ លោក ធឿន ធារ៉ា ពិតជាអរគុណខ្លាំងណាស់រាល់ការគាំទ្រ និងលើកទឹកចិត្តដល់លោក ក៏ដូចការសួរសុខទុក្ខរបួសដៃរបស់លោកដូចគ្នា ហើយលោកសង្ឃឹមថា មហាជននឹងឈប់ងឿងឆ្ងល់រាល់បញ្ហាដែលថា លោកបានចុះកុងត្រានៅក្លិបគេផ្សេង ៕