នគរបាលបង្ហាញមុខជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីលួច និងប្លន់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ជនសង្ស័យប្រុសស្រី ចំនួន ០៥ នាក់ ពាក់ព័ន្ធករណីលួច ប្លន់យ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ។
តាមមន្ត្រីនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាជនសង្ស័យប្រុសស្រីទាំង ០៥ នាក់នេះ ជាមុខសញ្ញាលួច ឆក់ប្លន់យ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នាពេលថ្មីៗនេះ ក្រុមជនសង្ស័យ បានធ្វើសកម្មភាពលួច ឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌសែនសុខ ជាបន្តបន្ទាប់ ។ ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៥ នេះតែម្ដង ។
មន្ត្រីដដែល បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពព្រួតគ្នាវាយទាត់ធាក់ និងយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចជាច្រើនករណីផងដែរ ។
ក្រោយធ្វើការបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង ០៥ នាក់នេះ ត្រូវបាននគរបាលបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕