សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សម្ដែងការសោកស្តាយជុំវិញសកម្មភាពគណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ
(ភ្នំពេញ)៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សម្ដែងការសោកស្តាយជុំវិញសកម្មភាព គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយ ជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាព គណបក្សកាវថ្លៃ ដែលបានផ្តល់ទីកន្លែង និងជួយបណ្តុះ បណ្ដាលក្រុមអ្នកនយោបាយជ្រុលនិយម ឲ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ព័ន្ធភាពបណ្តុំសមាគម អង្គការសង្គមស៊ីវិល បានចាត់ទុកសកម្មភាពរបស់ គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អ រវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ៕