រដ្ឋបាលខេត្តក្រចេះ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

94
0 8

(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ ។ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់  ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត គឺដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងសម្រេចបាន ដោយផ្អែកតាមក្របខណ្ឌ នៃតួនាទីភារកិច្ច ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត កិច្ចសហការសម្របសម្រួលរវាងស្ថាប័នថ្នាក់ជាតិ និងជំនាញនៅថ្នាក់ក្រោមជាតិ ព្រមទាំងការចង្អុលដឹកនាំជាគន្លឹះពីសំណាក់ប្រមុខរាជរដ្ឋាភិបាលស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ក្រើនរំលឹកដល់មន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវធ្វើខ្លួនឲ្យល្អជាគម្រូដល់សាធារណ:ជន និងប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់បទដ្ឋាននានា ច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន ជាពិសេសមន្រ្តីបម្រើសេវាច្រកចេញចូលតែ១ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ តម្លាភាព និងរហ័សទាន់ពេល ស្របទៅនឹងបរិបទសង្គមបច្ចុប្បន្នទំនើបលើប្រព័ន្ធឌីជីថល និងនវានុវត្តន៍ ហាមដាច់ខាតការប្រើប្រាស់នូវសារធាតុញៀន ករណីឃើញថាមានជាប់ពាក់ព័ន្ធ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ។

94 free

ឯកឧត្តម វ៉ា ថន បន្តថា ៖ អាជ្ញាធរមូលដ្ឋានត្រូវខិតខំរួមគ្នាបំពេញការងារ និងដោះស្រាយនូវបញ្ហាកើតមាននៅមូលដ្ឋាន ពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើហឹង្សាដោយជាក្រុមយុវជនសិស្សសាលា និងការគ្រប់គ្រងធនធានធម្មជាតិ ដែលបាននឹងកំពុងកើតមានក្នុងមូលដ្ឋាន ក្នុងនោះអាជ្ញាធរឃុំ ត្រូវម្ចាស់ការខ្ពស់ក្នុងការសហការជាមួយសមត្ថកិច្ច ក្នុងការចាប់បង្រ្គាបទប់ស្កាត់ កុំឲ្យកើតមានបន្តទៀត ដើម្បីរក្សាឲ្យបាននូវសុខសុវត្ថិភាព ស្ថេរភាពជូនប្រជាពលរដ្ឋមូលដ្ឋាន ស្របទៅនឹង “គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព” និងឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាព គន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា៥ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរ៖ (ទី១) ថែរក្សា និងថែបំប៉នសុខសន្តិភាពដែលសម្រេចបានមកដោយលំបាកនិង (ទី២) កសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយត្រូវខិតខំប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ ត្រូវបានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ដោយបែងចែកជា៦ក្រុមពិភាក្សា និងបទបង្ហាញអំពីលទ្ធផល នៃការពិភាក្សារបស់ក្រុមនីមួយៗ ជូនអង្គសន្និបាត ព្រមទាំងមានកម្មវិធីសំណួរ-ចំលើយ ដែលផ្តោតសំខាន់ លើការងារអនុវត្តកន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលត្រូវអនុវត្តបន្តផងដែរ៕

ប្រភពពី ៖ រដ្ឋបាលខេត្តក្រចេះ

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...