កូរ៉េខាងជើងព្រមានបើកការវាយប្រហារយោធាភ្លាមៗ ប្រសិនបើមានការបង្កហេតុណាមួយ
សេអ៊ូល៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង បាននិយាយថា កូរ៉េខាងជើងនឹងបើកការវាយប្រហារយោធាភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយ ខណៈដែលប្រទេសនេះបានបាញ់ផ្លោងកាំភ្លើងធំ នៅជិតព្រំដែនអន្តរកូរ៉េសម្រាប់ថ្ងៃទីបីជាប់ៗគ្នា។ ។
លោកស្រី គីម យ៉ូជុង ដែលជាសមាជិកដ៏មានឥទ្ធិពលបំផុតម្នាក់ នៃរបបលោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំបានបញ្ជាក់ជាថ្មីម្តងទៀតថា ប៊ូតុងសុវត្ថិភាពនៅលើគន្លឹះនៃកងទ័ពប្រជាជនកូរ៉េ (KPA) ត្រូវបានបាត់បង់រួចហើយ»។ លោកស្រីបាននិយាយដោយប្រើឈ្មោះផ្លូវការរបស់យោធាកូរ៉េខាងជើងដូច្នេះថា «ដូចដែលបានប្រកាសរួចហើយ កងទ័ពប្រជាជនកូរ៉េនឹងបើកការវាយប្រហារយោធាភ្លាមៗ ប្រសិនបើសត្រូវធ្វើសកម្មភាពបង្កហេតុណាមួយ»។
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំជាង ៦០ គ្រាប់នៅជិតព្រំដែនសមុទ្រ ដែលមានជម្លោះរបស់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការបាញ់ផ្លោងជាង ២០០ គ្រាប់ កាលពីថ្ងៃសុក្រ។ យោធាកូរ៉េខាងត្បូងឱ្យដឹងទៀតថា នៅថ្ងៃអាទិត្យនេះ កូរ៉េខាងជើងក៏បានបាញ់ផ្លោងប្រហែល ៩០ គ្រាប់ទៀតផងដែរ ដែលជាថ្ងៃទី៣ ជាប់ៗគ្នា។
ទោះជាយ៉ាងណា យោធាកូរ៉េខាងជើងបាននិយាយថា ពួកគេមិនបានបង្កការគំរាមកំហែងណាមួយដល់កូរ៉េខាងត្បូងឡើយ ខណៈដែលសមយុទ្ធបាញ់ប្រហាររបស់ពួកគេនៅតាមព្រំដែន ត្រូវបានធ្វើឡើងតាមកាលកំណត់។
លោក គីម ជុងអ៊ុន របស់កូរ៉េខាងជើង ធ្លាប់បានអំពាវនាវឱ្យបង្កើន ការផលិតយានទម្រសម្រាប់បាញ់មីស៊ីល ដោយចាត់ទុកថា នេះជាភារកិច្ចមួយដ៏សំខាន់ដើម្បីត្រៀមលក្ខណៈសម្រាប់សង្គ្រាម ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕