ទណ្ឌិត ២៤៥នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានឲ្យដឹងថា មានទណ្ឌិត ២៤៥នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតសម្រាប់ទិវាបុណ្យនេះ សរុបចំនួន ២៤៥ នាក់ (ស្រី ២៨ នាក់)»។
ឯកឧត្តមបញ្ជាក់ថាក្នុងចំណោមទណ្ឌិតទាំង ២៤៥នាក់ ដែលត្រូវបានបន្ថូរបន្ថយទោស រួមមាន៖ បន្ថយទោសរយៈពេល ៣ ខែ ចំនួន ១៧៨ នាក់ (ស្រី ១៨ នាក់)។ បន្ថយទោសរយៈពេល ៦ ខែ ចំនួន ៥៧ នាក់ (ស្រី ០៩នាក់)។ បន្ថយទោសរយៈពេល ៩ ខែ ចំនួន ០៨ នាក់ (ស្រី ០១ នាក់)។ បន្ថយទោសរយៈពេល១២ ខែ ចំនួន ០១ នាក់ (ស្រី ០០ នាក់)។ បន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ ចំនួន ០១ នាក់ (ស្រី ០០ នាក់) និងលើកលែងទោស៖ គ្មាន ។
ឯឧត្តមក៏បានបញ្ជាក់ជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
១៖ ចំពោះបទល្មើសទូទៅ
– ឧក្រិដ្ឋជនគ្រឿងញៀន
– អំពើសាហាវយង់ឃ្នង
– ករណីមិនរាងចាល
– ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
– ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
– ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។
២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
– ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ
– ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ
– ជនរងគ្រោះជាសាច់សាលោហិត
– ករណីរំលោភបូក
– ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕