សមត្ថកិច្ច កំពុងរៀបចំឯកសារបញ្ជូនក្មេងស្ទាវ ៩នាក់ ទៅតុលាការ ពីបទហិង្សាមានស្ថានទម្ងន់ទោស

94
0 26

(កំពត) ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនក្មេងស្ទាវ ០៩ នាក់ ទៅសាលាដំបូងខេត្តកំពត ក្រោមមបទហិង្សាមានស្ថានទម្ងន់ទោស ។

មន្ត្រីនគរបាលផែនការងារព្រហ្មទណ្ឌខេត្តកំពត បានឱ្យដឹងថា ក្រោយទទួលបណ្តឹងកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ស្តីពីករណីហិង្សាបង្កឡើងដោយក្មេងស្ទាវមួយក្រុម នៅចំណុចកោះស្មៅ ។

នៅថ្ងៃទី៧ ខែមករា កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ សហការជាមួយសមត្ថកិច្ចក្រុងកំពត បានឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ ដើម្បីយកមកសាកសួរ ។

94 free

ក្រុមក្មេងទាំងនោះមានអាយុចាប់ពី ១៦ ឆ្នាំដល់ ១៩ ឆ្នាំ ក្នុងនោះ ០៧ នាក់ រស់នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ម្នាក់នៅសង្កាត់ត្រើយកោះ ក្រុងកំពត និងម្នាក់ទៀតមានទីលំនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ។

នៅរសៀលថ្ងៃទី៨ ខែមករា សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនក្រុមក្មេងសង្ស័យទាំង ០៩ នាក់ ទៅសាលាដំបូងចាត់ការតាមនីតិវិធី ។

សមត្ថកិច្ច បានបញ្ជាក់ថា កាលពីវេលាម៉ោង ០៣ ៖ ៤០ នាទី រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ មានក្មេងស្ទាវមួយក្រុម បានវាយ និងយកដុំថ្មគប់លើយុវជន ០៣ នាក់ នៅចំណុចកោះស្មៅ ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំក្រៀល ស្រុកទឹកឈូ បណ្តាលឱ្យរបួស និងម្នាក់បាត់ខ្សែកប្លាទីនទម្ងន់ ០៨ ជី ។

ក្រោយកើតហេតុ ជនរងគ្រោះបានដាក់បណ្តឹងនៅអធិការដ្ឋានស្រុកទឹកឈូ ទើបសមត្ថកិច្ចបើកការស៊ើបអង្កេត រហូតឃាត់ខ្លួនជនសង្ស័យបានទាំង ០៩ នាក់ និងកំពុងតាមរកអ្នកពាក់ព័ន្ធមួយចំនួនទៀត ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...