បុរសម្នាក់ ខឹងកូនប្រសាស្រវឹងត្នោតជូរ ជេរប្រមាថ ឪពុកក្មេកទ្រាំមិនបាន ទាញពូថៅកាប់ស្លាប់ក្នុងថ្លុកឈាម
(កំពង់ឆ្នាំង) ៖ កូនប្រសាម្នាក់ ត្រូវឪពុកក្មេកទប់កំហឹងមិនបាន ទាញពូថៅកាប់បណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈនាំគ្នាផឹកត្នោតជូរស្រវឹងមិនព្រមដេកពួន ហើយជេរប្រមាថរូបគាត់ថែមទៀតផង ។
ករណីឃាតកម្មនេះ បានកើតឡើង នៅវេលាម៉ោង ២១ ៖ ១៥ នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះឈ្មោះធៀន ចំរើន ភេទស្រី អាយុ ៥៣ ឆ្នាំ ស្ថិតនៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បើតាមកូនស្រីរបស់ជនសង្ស័យជាជនដៃដល់ឈ្មោះ ជា ចិន្ថា បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ឯក សីហា (ជនរងគ្រោះ) បានទៅទិញទឹកត្នោតជូរបានចំនួន ០៣ សូរ ក៏នាំគ្នាអង្គុយផឹកក្រោមដើមស្វាយក្បែរផ្ទះមានគ្នា ០៤ ទៅ ០៥ នាក់ នាំគ្នាអង្គុយផឹករហូតដល់ម៉ោង ១៩ ៖ ១៥ នាទី ឈ្មោះ ឯក សីហា និងឈ្មោះ ចាយ ចាន់ ត្រូវជាបងប្អូនសាច់ថ្លៃច្រៀងលេង និងផឹកបន្ត ហើយក៏បានឈ្លោះប្រកែកគ្នា ។ ម្តាយក្មេកឃើញកូនប្រសាទាំង ០២ នាក់ ឈ្លោះគ្នាក៏បានដឹកដៃកូនប្រសាឈ្មោះ ចាយ ចាន់ ទៅផ្ទះវិញនៅស្រុករលាប្អៀរបាត់ទៅ នៅតែជនរងគ្រោះម្នាក់ឯង ។ ពេលនោះជនរងគ្រោះដើរទៅផ្ទះវិញដែរ ក្នុងស្ថានភាពស្រវឹង ខណៈនោះបានឮសំឡេងឈ្លោះប្រកែកគ្នាជាមួយឈ្មោះ ស៊ឹម សុខគា ត្រូវជាឪពុកក្មេកវិញម្តង ហើយក៏ស្ងាត់ឈឹងទៅ ។ ដោយមានការសង្ស័យ កូនស្រីរបស់ជនសង្ស័យជាជនដៃឈ្មោះ ជា ចិន្ថា បានដើរទៅមើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើគ្រែក្នុងបន្ទប់ទៅហើយ ក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្តង ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យជាជនដៃដល់ ឈ្មោះ ស៊ឹម សុខគា ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបបកសិករ រស់នៅភូមិឃុំ កើតហេតុខាងលើ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឯក សីហា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
តាមការពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ចបញ្ជាក់ថា សព មានរបួសចំក និងគល់ថ្គាម ចំនួន ០៩ កន្លែង និងវត្ថុតាងពូថៅ នៅកន្លែងកើតហេតុ ។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបានមួយយប់ លុះព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវឃាត់ខ្លួនបានតែម្ដង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យជាជនដៃដល់ បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន មូលហេតុមកពីទប់អារម្មណ៍មិនបាន នៅពេលកូនប្រសាជេរប្រមាថខ្លួនជាមនុស្សចាស់ ។
បច្ចុប្បន្នសព ប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនសង្ស័យ បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិធី ៕