អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៥នាក់ ទៅសាលាដំបូង ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

94
0 7

(បន្ទាយមានជ័យ) ៖ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ នៅចំណុចភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

ការចុះបង្ក្រាបបទល្មើសគ្រឿងញៀននេះ ត្រូវបានដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កាលវេលាម៉ោង ១៣ ៖ ៣០ នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ។

ការចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ នៅចំណុចភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន ០៧ កូនថង់កិប ទម្ងន់ ១០ ក្រាម, ម៉ូតូ ចំនួន ០៣ គ្រឿង, ទូរសព្ទ ចំនួន ០៤ គ្រឿង ម៉ាក iPhone 12 Pro Max ពណ៌ទឹកប្រាក់, ម៉ាក Samsung A20 ពណ៌ខ្មៅ, ម៉ាក OPPO ពណ៌ក្រហម, ម៉ាក VIVO ពណ៌ទឹកប៊ិក, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង, កូនថង់កិបសម្រាប់ច្រកគ្រឿងញៀន មួយចំនួន, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យទាំង ០៥ នាក់ ១-ឈ្មោះ សួ និធិ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បច្ចុប្បន្នរស់នៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ (រក្សាទុក និងប្រើប្រាស់), ២-ឈ្មោះ ខាន់ គឹមហេង ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់), ៣-ឈ្មោះ ជា លាភហេង ហៅ ខ្លែងស្រាក ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់), ៤-ឈ្មោះ ខេង រ៉ាដូ ហៅ ពៅ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (រក្សាទុក និងប្រើប្រាស់), ៥-ឈ្មោះ សៀង សិរី ហៅ ជួង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់) ។

94 free

លោកវរសេនីយត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥ នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...