រយៈពេលត្រឹមតែ ១សប្តាហ៍នៃឆ្នាំថ្មី ក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងបាន ២០ទីតាំង ក្នុង ៨រាជធានីខេត្ត

94
0 17

(ភ្នំពេញ) ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍នៃឆ្នាំថ្មី រាប់ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន ២០ ទីតាំង នៅ ០៨ រាជធានីខេត្ត ទូទាំងប្រទេសកម្ពុជា ។

លោក ទូច សុខៈ បានបញ្ជាក់ថា ជាលទ្ធផលរួមនៃការបង្ក្រាប ២០ ទីតាំងនេះ មានជនល្មើស ត្រូវបានឃាត់ខ្លួន ២៣ នាក់ លើការបង្ក្រាប ១១ ទីតាំង កើតឡើងនៅ ០៦ រាជធានីខេត្ត ដែលបានបញ្ជូនជនសង្ស័យ ទៅតុលាការ ចំនួន ២៣ នាក់ ។ ក្រៅពីនេះក៏មានវិធានការរដ្ឋបាលចំនួន ០៩ ករណី ដែលមានជនសង្ស័យសរុប ចំនួន ០៩ នាក់ ត្រូវបានចាត់វិធានការតាមវិធានការរដ្ឋបាលគឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ។

94 free

បន្ថែមពីលើបញ្ហាអាទិភាពទាំង ០៦ របស់ក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មីនេះ ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ ពីលើបញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា ។

ក្រោមទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កំណែទម្រង់ជាច្រើន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ។ ជាពិសេស គឺការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ ០០៦ ដែលឈានដល់ការបញ្ចប់មុខតំណែងតួនាទី បន្ថយឋានន្តរស័ក្តិ និងការបណ្ដេញចេញពីក្របខ័ណ្ឌលើមន្ត្រីនគរបាលមួយចំនួន ដែលក្នុងនោះ មានមន្ត្រីមួយចំនួន ត្រូវបានចាត់វិធានការ ដោយឥតមានការយល់យោគពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសគ្រឿងញៀនផ្សេងៗ ស្របតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង» ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...