កម្លាំងនគរបាលខេត្តព្រៃវែង បំបែកសំណុំរឿងគប់កញ្ចក់រថយន្ដ បណ្ដាលឱ្យអ្នកបើកបរស្លាប់ ក្រោមការគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍, ជនបង្ក ២នាក់ រត់គេចខ្លួនជាង ៧ខែ ត្រូវបានបង្ក្រាប 

94
0 28

(ព្រៃវែង) ៖ សំណុំរឿងគប់កញ្ចប់រថយន្ដបណ្ដាលឱ្យអ្នកបើកបរស្លាប់ កាលពី ០៧ ខែមុន ដែលបានកើតឡើងនៅស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីចុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ នៅពេលនេះត្រូវបានកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្ត ស្រាវជ្រាវបង្ក្រាបបានដោយជោគជ័យ ជាមួយនឹងការឃាត់ខ្លួនជនដៃដល់ចំនួន ០២ នាក់ ។

ចំពោះករណីនេះ ក្រោយកើតហេតុគេគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍ ដោយជនរងគ្រោះបើករថយន្តធ្លាក់ចូលប្រឡាយស្លាប់ ប៉ុន្តែធាតុពិតជារឿងគប់កញ្ចក់រថយន្ត ។

ករណីនេះ បើបំបែកសំណុំរឿងមិនបានទេ ជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ជាទីបំផុត និងលាក់បាំងជារៀងរហូត ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឱ្យដឹងថា នេះជាស្នាដៃក្នុងការបំបែកសំណុំរឿងមួយរបស់កម្លាំងនគរបាលខេត្ត ដែលដឹកនាំប្រតិបត្តិការផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត សព្វគ្រប់បែបយ៉ាង ជិះទូកឆ្លងសមុទ្រតាមចាប់ដល់លើកោះរ៉ុង ឆ្លងកាត់ ០៥ ខេត្ត-ក្រុងផ្សេងទៀត ទម្រាំតែអាចចាប់ខ្លួនបាន ។

94 free

លោកស្នងការ បានអះអាងថា ដោយគោរពតាមបទបញ្ជាពីថ្នាក់លើ កម្លាំងបានដាក់ចិត្តដាក់កាយតាមប្រមាញ់ឱ្យខានតែបាន ដែលផ្ដើមចេញពីសំណុំរឿងដ៏ស្មុគស្មាញនេះ កម្លាំងនគរបាលបានបំបែកសំបុក បក្ខពួកក្រុមជនអន្ធពាលទាំងនេះ ជាហូរហែរចាប់ខ្លួនបានជាង ១០ នាក់ផ្សេងទៀត ករណីផ្សេងគ្នា ប៉ុន្តែពួកគេជាបក្ខពួកខ្សែស្រឡាយជនអន្ធពាលជាមួយគ្នា និយាយរួមគឺបំបែកបានមួយសំបុកតែម្ដង ។

ផ្អែកតាមការសួរចម្លើយ ជនសង្ស័យបាននិយាយថា តាមពិតពួកគេមិនមានបំណងចង់គប់កញ្ចក់ឡានទេ ដោយសារតែតៃកុងឡានកុងតឺន័រ បើកភ្លើងហ្វាចាំងភ្នែកពេក ពួកខ្លួនក៏គប់ដុំថ្មឱ្យចំកញ្ចក់តែម្ដងទៅទុកជាការព្រមាន ដោយមិនបានដឹងថា គប់ចំតៃកុងឡាន ធ្លាក់ផ្លូវស្លាប់នោះឡើយ ។ រីឯដុំថ្មដែលពួកខ្លួនរក្សាទុកនោះ គឺទុកការពារខ្លួនពីសត្រូវរបស់ខ្លួនដែលជាជនអន្ធពាលដូចគ្នាតែប៉ុណ្ណោះ ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជួយដោះស្រាយសំណងរដ្ឋប្បវេណីដោយហៅគ្រួសារជនរងគ្រោះ និងគ្រួសារជនសង្ស័យមកសម្របសម្រួល ដោយទទួលសំណងបានជិត ១០ លានរៀល រីឯចំណាត់ការផ្លូវច្បាប់វិញ ត្រូវបានតុលាការខេត្តព្រៃវែង សម្រេចឃុំខ្លួនជនសង្ស័យទាំង ០២ នាក់ ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។

ជាមួយគ្នានេះ លោកបានបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការគោរពតាមបទបញ្ជាថ្នាក់លើគ្រប់លំដាប់ថ្នាក់នូវការអនុវត្តន៍គោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានល្អម៉ឺងម៉ាត់បំផុត និងសំណូមពរដល់ប្រជាពលរដ្ឋមេត្តា ចូលរួមផ្ដល់ព័ត៌មានពីបញ្ហានៅតាមមូលដ្ឋានរបស់ខ្លួន មកកាន់នគរបាលដែលនៅជិតបំផុត ដើម្បីកម្លាំងនគរបាលចុះអន្តរាគមន៍ និងរក្សាសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋទាន់ពេលវេលា ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...