គួរឱ្យសោកស្ដាយ! សត្វកន្ធាយក្បាលកង្កែប ទម្ងន់២៦គីឡូក្រាមមួយក្បាល ជាប្រភេទសត្វកម្រជិតផុតពូជ ហើយមានពងក្នុងពោះ ត្រូវបានគេប្រទះឃើញងាប់ ដោយសារផ្លែសន្ទូច

94
0 9

(ក្រចេះ) ៖ សត្វកន្ធាយក្បាលកង្កែបមួយក្បាលវ័យជំទង់ ភេទញី មានទម្ងន់២៦ គីឡូក្រាម ហើយមានពងនៅក្នុងពោះថែមទៀត ត្រូវបានគេប្រទះឃើញងាប់ នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ដោយក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានទទួលដំណឹង នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤។

សត្វកន្ធាយប្រភេទនេះ គឺត្រូវបានចាត់ទុកជាប្រភេទសត្វកម្រ ក្នុងបញ្ជីជិតផុតពូជ របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។

បើតាមការឲ្យដឹងពីអង្គការ WCS ថា តាមការធ្វើកោសល្យវិច្ឆ័យ របស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS បានសន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះ ងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូចទាក់ជាប់នឹងជើងរបស់វា។

94 free

អង្គការ WCS ក៏បានបញ្ជាក់បន្ថែមថា ជាទូទៅ ផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែប ដោយសារខ្លួនសត្វកន្ធាយប្រភេទនេះ មានលក្ខណៈទន់ ហើយកន្ធាយក្បាលកង្កែប ត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ដោយអនុក្រឹត្យលេខ១២៣អនក្រ ដូចនេះ ការចាប់និងជួញដូរជាអំពើរខុសច្បាប់។

រដ្ឋបាលជលផល និងអង្គការ WCS សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងបងប្អូននៅតាមមូលដ្ឋាន ចូលរួមថែរក្សាប្រភេទនេះឱ្យបានគង់វង្ស និងចៀសវាងការចាប់និងជួញដូរខុសច្បាប់ ដែលពុំនោះទេ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។

គួរបញ្ជាក់ថា តាមការស្រាវជ្រាវផ្លូវការរបស់អង្គការ IUCN បានឱ្យដឹងថា កន្ធាយក្បាលកង្កែប មាននៅប្រទេសកម្ពុជាច្រើនជាងគេបំផុត ហើយពួកវារស់នៅតាមបណ្តោយទន្លេរមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ប៉ុន្តែវាក៏មាននៅប្រទេសអាស៊ីមួយចំនួនផងដែរ ហើយកន្ធាយក្បាលកង្កែប គឺជាពូជអម្បូរសត្វអណ្តើក ប៉ុន្តែមិនយឺតដូចអណ្តើកនោះទេ វាអាចវាយប្រហារចំណី លឿនជាងពស់វែកចឹកទៅទៀត៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...