កូនប្រុសគម្រក់ ខឹងសុំលុយពីម្ដាយយកទៅទិញខោអាវមិនបាន ស្រាប់តែផ្ទុះកំហឹង ទៅធ្វើសកម្មភាពដុតផ្ទះឆេះខ្ទេចតែម្ដង
(កំពង់ចាម) ៖ បុរសជាកូនប្រុស អាយុ ២១ ឆ្នាំម្នាក់ បានធ្វើសកម្មភាព ដុតផ្ទះចោលដោយគ្មានស្ដាយស្រណោះអ្វីទាំងអស់ ក្រោយពីខឹងម្ដាយរបស់ខ្លួនមិនព្រមឱ្យលុយយកទៅទិញខោអាវថ្មីស្លៀកពាក់ ។
នេះបើយោងតាមប្រភពព័ត៌មានពី ភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាម និងរដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានធ្វើការចុះផ្សាយនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។
ហេតុការណ៍ដ៏នឹកស្មានមិនដល់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោងប្រមាណ ០៤ ៖ ២០ នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណៈជនសង្ស័យដែលជាកូនប្រុសតិរច្ឆានមានឈ្មោះថា ហួត លីហ័រ ភេទប្រុស អាយុ ២១ ឆ្នាំ និងមានទីលំនៅស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកស្ត្រីជាម្ដាយ ដែលជាមេម៉ាយមានឈ្មោះថា ឃាង ផល្លី អាយុ ៥៥ ឆ្នាំ ។
បើយោងតាមការបំភ្លឺពីកន្លែងកើតហេតុ បានឱ្យដឹងដែរថា មុនពេលកើតហេតុ ជនសង្ស័យដែលជាកូនប្រុស បានសុំលុយពីម្ដាយចំនួន ៥០,០០០ រៀល ដើម្បីយកទៅទិញខោអាវថ្មីស្លៀកពាក់ ។ ប៉ុន្ដែម្ដាយមិនមានលុយឱ្យ ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង និងបាននិយាយក្ដែងៗទៅកាន់ម្ដាយថា៖ «បើមិនឱ្យប្រាក់ មិនចាំបាច់នៅផ្ទះនេះទេ ដុតចោលឥឡូវហើយ» ។ ក្រោយពីនិយាយចប់ភ្លាម ជនសង្ស័យក៏បានឡើងជិះម៉ូតូរបស់ខ្លួន ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ ទៅទិញសាំងចំនួនកន្លះលីត្រ និងដែកកេះចំនួន ០១ រួចបានវិលត្រឡប់មកផ្ទះវិញ និងបានដើរទៅក្នុងបន្ទប់ក្រោមផ្ទះ ហើយយកសាំងដែលបានទិញនោះ ចាក់ទៅលើខោអាវ និងចាក់ទៅលើពូក រួចកេះដែកកេះ បណ្ដាលឱ្យអណ្ដាតភ្លើងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ និងខូចខាតផ្ទះអស់ទាំងស្រុង ។ ចំណែកស្ត្រីជាម្ដាយបានសន្លប់បាត់ស្មារតីយ៉ាងអាណោចអាធ័មជាទីបំផុត ។
ក្រោយពីទទួលបានការរាយការណ៍ពីហេតុការណ៍ដែលបានកើតឡើងនេះរួចភ្លាម លោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ កម្លាំងជំនាញបច្ចេកទេស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដើងជ័យ ចុះទៅដល់កន្លែងកើតហេតុ និងបានប្រញាប់ប្រញាល់បញ្ជូនស្ត្រីជាម្ដាយទៅសង្គ្រោះនៅមន្ទីរពេទ្យជើងព្រៃ ។ រីឯផ្ទះ ខាងកម្លាំងសមត្ថកិច្ចបានព្យាយាមជួយពន្លត់ដែរ ប៉ុន្ដែជាអកុសល មិនអាចគ្រប់គ្រងស្ថានភាពទាន់ពេលវេលាបានឡើយ ខណៈផ្ទះជាផ្ទះឈើមានទំហំ ០៨ ម៉ែត្រ គុណនឹង ០៩ ម៉ែត្រ ប្រក់ក្បឿង និងជញ្ជាំងស័ង្កសី ។ ចំណែកជនសង្ស័យជាកូនប្រុស ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ រហូតឈានការចាប់ឃាត់ខ្លួនតាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីដោះស្រាយបន្ដតាមនីតិវិធីច្បាប់ និងបានធ្វើតេស្តរកសារធាតុញៀន ជាក់ស្ដែងឃើញវិជ្ជមាននៃសារធាតុញៀនផងដែរ ។
នៅចំពោះមុខកម្លាំងសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពដុតផ្ទះចោលពិតប្រាកដមែន ដោយសារតែខឹងសុំលុយពីម្ដាយមិនបាន ។
យ៉ាងណាមិញ ចំពោះទំហំទ្រព្យសម្បត្តិ ដែលបានបាត់បង់អស់ក្នុងហេតុការណ៍អគ្គិភ័យនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ ក៏ព្រោះតែខាងកម្លាំងសមត្ថកិច្ចរង់ចាំឱ្យស្ត្រីជាម្ដាយដ៏គួរឱ្យអាណិតអាសូររូបនោះ ដឹងខ្លួនពីការសន្លប់បាត់បង់ស្មារតីជាមុនសិន ដើម្បីធ្វើការសាកសួរបន្ថែម ៕