ទំនិញគេចពន្ធដែលនាំចូលពីប្រទេសវៀតណាម ត្រូវបានគយ និងសមត្ថកិច្ចចាប់បាន និងរកឃើញទំនិញគេចពន្ធជិត១០តោន
(ព្រៃវែង) ៖ គ្រឿងទេសជាច្រើនមុខមានទម្ងន់សរុបជិត ១០ តោន ដែលឈ្មួញលួចដឹកតាមម៉ូតូរ៉ឺម៉ក នាំចូលគេចពន្ធពីប្រទេសវៀតណាម ត្រូវបានកម្លាំងគយចល័តតំបន់៦ ស្ទាក់ចាប់បាន ក្នុងពេលកំពុងដឹកជញ្ជូនឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។
សកម្មភាពស្ទាក់ចាប់ទំនិញគេចពន្ធនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១០ ៖ ៤០ នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៨A នៅចំណុចភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
ក្រោយពេលបង្ក្រាបបាន មន្ត្រីជំនាញគយ បាននាំយកម៉ូតូរ៉ឺម៉កទាំង ០២ គ្រឿង ទៅរើពិនិត្យមើលនៅក្នុងបន្ទាយអាវុធហត្ថស្រុកពារាំង ដោយរើឃើញមានគ្រឿងជ័រចម្រុះ ៤.១១៨ គីឡូក្រាម ទុយោជ័រ ២.១៦៤ គីឡូក្រាម ក្រដាសកាតុង មានរូប ២.៩១៦ គីឡូក្រាម សរុបជិត ១០ តោន ។
មន្ត្រីជំនាញ បានបញ្ជាក់ថា ទំនិញទាំងអស់នេះនាំចូលដោយគ្មានឯកសារបង់ពន្ធអ្វីទាំងអស់ ដូច្នេះហើយទើបមន្ត្រីជំនាញគយតំបន់៦ ឃាត់ទុក ដើម្បីស្រាវជ្រាវរកម្ចាស់ទំនិញចូលខ្លួនមកដោះស្រាវតាមផ្លូវច្បាប់ ៕