«ត្រីនាគ» នៅស្ទឹងអារ៉ែង កំពុងថយចុះចំនួន ដោយសារបាត់ទីជម្រក និងការនេសាទ

94
0 25

(កោះកុង) ៖ «ត្រីនាគ ឬត្រីតាពត» មានឈ្មោះវិទ្យាសាស្ត្រ (Scleropages formosus) និងឈ្មោះជាភាសាអង់គ្លេស Asian bonytongue មានប្រវែងដងខ្លួនអតិបរមា ៩០សង់ទីម៉ែត្រ។ វាជាប្រភេទត្រីកម្រ និងជិតផុតពូជ មានរស់នៅក្នុងតំបន់ជួរភ្នំក្រវាញប៉ែកខាងត្បូង ជាពិសេស នៅតាមដងស្ទឹងអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

ត្រីនាគ ជាប្រភេទត្រីរកចំណីនៅស្រទាប់លើនៃផ្ទៃទឹក។ វាស៊ីសត្វល្អិតផ្សេងៗ និងកូនត្រីជាអាហារ។ ត្រីនាគញីពេញវ័យ អាចបន្តពូជបាននៅអាយុចាប់ពី ០៣-០៤ឆ្នាំ។ វាពងម្តង បានចាប់ពី ២០-៥០គ្រាប់។ ត្រីនាគឈ្មោល មានភារកិច្ចពាំពងទាំងនោះនៅក្នុងមាត់ រយៈពេលពី ៣០-៥០ថ្ងៃ ដោយវាពុំស៊ីចំណី រហូតដល់ថ្ងៃញាស់។

យោងតាមការឱ្យដឹងពី លោក ជិត ធី រស់នៅក្នុងឃុំដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង បានឱ្យដឹងថា កាលពីទស្សវត្សរ៍ទី៩០ នៅតាមដងស្ទឹងអារ៉ែង ពិតជាសម្បូរត្រីនាគរស់នៅច្រើនណាស់។ ជិត ធី គឺជាមនុស្សម្នាក់ ក្នុងចំណោមអ្នកភូមិដទៃទៀត ដែលសកម្មក្នុងការប្រមាញ់កូនត្រីនាគ នៅក្នុងស្ទឺងអារ៉ែង ដើម្បីយកទៅលក់ឱ្យឈ្មួញមកពីប្រទេសជិតខាង។ ជិត ធី និយាយថា «ខ្ញុំដើរប្រមូលចាប់កូនត្រីនាគ នៅតាមដងស្ទឹងអារ៉ែង រួចដឹកតាមម៉ូតូយកទៅលក់ឱ្យឈ្មួញដែលរង់ចាំទទួលទិញ នៅស្រុកស្រែអំបិល ក្នុងមួយជើង បានចំនួនចាប់ពី ១០០-២០០ក្បាល»។

ក្នុងឆ្នាំ២០០១ អង្គការអភិរក្សអន្តរជាតិ Conservation International (CI) បានទៅដល់តំបន់ស្ទឹងអារ៉ែងនេះ។ ក្នុងឆ្នាំ២០០២-២០០៣ អង្គការមួយនេះ បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកធ្លាប់ដើរប្រមូលចាប់ត្រីនាគទាំងអស់ នៅក្នុងភូមិ ឱ្យបង្វែរទិសពីការប្រមាញ់កូនត្រីនាគយកទៅលក់ មកជាការដើរល្បាតការពារ ដើម្បីអភិរក្សត្រីនាគវិញ។ ទោះយ៉ាងណា បច្ចុប្បន្នបរិមាណត្រីនាគ បានបន្តធ្លាក់ចុះជាលំដាប់ ទោះបីពុំមានអ្នកប្រមាញ់ និងពុំមានឈ្មួញមកប្រមូលទិញដូចពីមុនក៏ដោយចុះ។ លោក ជិត ធី បានដាក់ការសង្ស័យថា អាចមានកសិដ្ឋានណាអាចបង្កាត់ភ្ញាស់កូនត្រីនាគ ទទួលបានជោគជ័យហើយ ទើបឈ្មួញមិនដើរប្រមូលទិញដូចពីមុនទៀត។ លោកបាននិយាយថា៖ «ខ្ញុំធ្លាប់ឮគេនិយាយប្រាប់ថា កូនត្រីនាគ ដែលកើតចេញពីការបង្កាត់ភ្ញាស់ ធន់នឹងជំងឺ ងាយចិញ្ចឹមក្នុងទូរកញ្ចក់ មានអត្រារស់ខ្ពស់ជាងកូនដែលចាប់ពីធម្មជាតិ»។

94 free

យោងតាមការឱ្យដឹងពី អច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងថា មានកត្តាជាច្រើន ដែលបណ្តាលឱ្យបរិមាណត្រីនាគ ធ្លាក់ចុះជាលំដាប់នេះ ដូចជា មានការរំខាន និងការបាត់បង់ទីជម្រក។ មានអ្នកនេសាទ ចូលទៅនេសាទប្រភេទត្រីផ្សេងៗ នៅក្នុងតំបន់ទីជម្រករបស់វា។

ត្រីនាគពេញវ័យបន្តពូជ ត្រូវជាប់មងរបស់អ្នកនេសាទដោយចៃដន្យជារៀងរាល់ថ្ងៃ ទោះបីពួកគាត់ពុំបានដាក់គោលដៅ និងមានបំណងចាប់ត្រីនាគ ក៏ដោយចុះ។ ត្រីនាគ ជាប្រភេទត្រីរកស៊ីនៅស្រទាប់លើនៃផ្ទៃទឹក វាស៊ីសត្វល្អិតនៅលើផ្ទៃទឹក សត្វល្អិតទុំលើមែកឈើប៉ប្រ៉ះផ្ទៃទឹក និងកូនត្រីផ្សេងៗ។ ដូច្នេះហើយ ទើបវាងាយនឹងជាប់មងរបស់អ្នកនេសាទណាស់។ ម្យ៉ាងទៀត វាជាប្រភេទត្រីបង្កកំណើតបានតិចតួច ដោយវាអាចទម្លាក់ពងម្តង បានត្រឹមតែ ២០-៥០គ្រាប់ ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ស្ទឹងអារ៉ែង ជាស្ទឹងមួយដែលទទួលបានរបបទឹកពីជួរភ្នំក្រវាញ លាតសន្ធឹងក្នុងឃុំចំនួន៣ គឺ ឃុំជំនាប់ ឃុំប្រឡាយ និងឃុំចំណារ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង។ ស្ទឹងអារ៉ែង ហូរចាក់ចូលទៅក្នុងសមុទ្រ ឆ្លងកាត់តាមស្ទឹងត្រពាំងរូង និងព្រែកខ្លងយ៉ៃ ក្នុងខេត្តកោះកុង។

តំបន់ស្ទឹងអារ៉ែង ជាព្រៃត្រូពិកដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ជាទីជម្រកនៃពពួកសត្វព្រៃ និងជីវចម្រុះកម្រ និងជិតផុតពូជ ជាច្រករបៀងមួយ ក្នុងចំណោមច្រករបៀងសម្រាប់សត្វដំរីទាំងប្រាំពីរ របស់អាស៊ី ហើយក៏ជាជម្រកចុងក្រោយនៅលើពិភពលោក សម្រាប់សត្វក្រពើត្រី ឬក្រពើភ្នំ និងសត្វអណ្តើកហ្លួង។ តំបន់ស្ទឹងអារ៉ែង ក៏ធ្លាប់ត្រូវបានរងផលប៉ះពាល់ ដោយការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃផងដែរ។

បច្ចុប្បន្ន តំបន់ស្ទឹងអារ៉ែង បានក្លាយទៅជាតំបន់សហគមន៍អេកូទេសចរណ៍មួយ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅសម្រាកកម្សាន្ត ដែលមានចម្ងាយ ៣៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង ៨០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ តំបន់នេះ មានគោលដៅទេសចរណ៍ជាង ៦០កន្លែង មានដូចជា តំបន់ទឹកធ្លាក់ឆាយអារ៉ែង ឆាយហ៊ីង អូរពោធិ៍ប្រាំបួន តំបន់ដើរផ្សងព្រេង (Trekking) តំបន់មើលថ្ងៃលិច ទីជម្រកសត្វក្រពើត្រី ឬក្រពើភ្នំ ទីជម្រកត្រីនាគ ឬត្រីតាពត តំបន់ពាងក្រឡបុរាណ តំបន់ជនជាតិភាគតិចកំពុងរស់នៅជាដើម៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...