ក្រសួងបរិស្ថាន សោកស្តាយចំពោះការស្លាប់របស់កូនដំរីព្រៃ ១ក្បាល នៅខេត្តមណ្ឌលគិរី និងកំពុងតាមចាប់ជនល្មើសមកកាត់ទោស

94
0 24

(មណ្ឌលគិរី) ៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ជា តារា អនុប្រធានមន្ទីរ បានប្រទះឃើញមានកូនដំរីស្លាប់មួយក្បាល ដែលមានអាយុ ៧ខែ ទម្ងន់ ២០០គីឡូក្រាម ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងការសម្លាប់កូនដំរីនេះ មន្ត្រីជំនាញ សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកកោះញែក ដើម្បីធ្វើកោសល្យវិច័យលើសាកសពសត្វដំរីដែលបានស្លាប់។ ការពិនិត្យតាមដានរបួសមុតធ្លាយ នៅផ្នែកខាងក្រោមដើមទ្រូង តែសមត្ថកិច្ចរកពុំឃើញក្បាលគ្រាប់អាវុធបៀមជាប់នៅក្នុងខ្លួនសត្វនោះឡើយ។ ក្រុមការងារ បាននិងកំពុងបន្តចុះត្រួតពិនិត្យនៅកន្លែងកើតហេតុបន្ថែមទៀត ដើម្បីស្វែងរកវត្ថុតាងជាបន្តបន្ទាប់។

ក្រសួងបរិស្ថាន សំដែងការសោកស្តាយជាខ្លាំងក្នុងការបាត់បង់សត្វព្រៃដ៏កម្រមួយប្រភេទនេះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានថ្កោលទោសចំពោះជនប្រព្រឹត្តល្មើសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន បានអំពាវនាវដល់សមត្ថកិច្ច ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមស្វែងរកវត្ថុតាង និងចាប់ជនល្មើសមកកាត់ទោសតាមនីតិវិធីនៃច្បាប់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញការអនុវត្តច្បាប់ឱ្យបានដាច់ខាត ដោយមិនលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈវិធានការចម្បង ចំនួន៤ រួមមាន៖

94 free

១- ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

២- ក្រសួងបរិស្ថានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាម តំបន់ការពារធម្មជាតិ។

៣- សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្ត។ កន្លងមកដំរីអាស៊ី ត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាព អន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ី មានចំនួនចន្លោះ ពី៥០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី រតនគិរី និង ស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូឡូស៊ី ដែលមានសក្តានុពលខ្ពស់ និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។

៤- ជំរុញការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំ ស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...