យានយន្តល្មើស ១៥៨គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ ក្នុងប្រតិបត្តិការត្រួតពិនិត្យជាតិអាល់កុលសម្រាប់ថ្ងៃទី២៨ ខែមករា
(ភ្នំពេញ) ៖ ក្នុងប្រតិបត្តិការអនុវត្តរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចឃាត់យានយន្តល្មើសចំនួន ១៥៨គ្រឿង ក្នុងនោះរថយន្តចំនួន ៣៤គ្រឿង ម៉ូតូចំនួន ១២៤គ្រឿង។
ក្នុងរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ចំពោះអ្នកល្មើសជាតិស្រវឹងចំនួន ៤៣គ្រឿង ក្នុងកម្រិត ០.២៥ -០.៣៩ mg/L ចំនួន ១៨គ្រឿង ក្នុងនោះអ្នកបើកបរម៉ូតូចំនួន ៧នាក់ អ្នកបើកបររថយន្តចំនួន ១១នាក់។ កម្រិតល្មើសជាតិស្រវឹង ០.៤០ឡើង មានចំនួន ២៥គ្រឿង មានអ្នកបើកបរម៉ូតូចំនួន ១០នាក់ អ្នកបើកបររថយន្ត ចំនួន ១៥នាក់។
ក្រៅពីនេះក៏មានបទល្មើសផ្សេងៗចំនួន ១១៥គ្រឿង ផងដែរ ក្នុងនោះមានល្មើសអត់ពាក់មួកសុវត្ថិភាពចំនួន ១០៣គ្រឿង ម៉ូតូគ្មានប័ណ្ណបើកបរចំនួន ២គ្រឿង រថយន្តគ្មានប័ណ្ណបើកបរចំនួន ៨គ្រឿង អ្នកបើកម៉ូតូមានសារធាតុញៀន ចំនួន២គ្រឿង។
ដោយឡែកសមត្ថកិច្ចបានធ្វើការរក្សាទុកយានយន្ត និងផាកពិន័យចំនួន ១៣៣គ្រឿង នៅសល់ចំនួន ២៥គ្រឿង ក្នុងនោះទុកនៅអធិការខណ្ឌចំនួន ២៥គ្រឿង (រថយន្តចំនួន ១២គ្រឿង, ម៉ូតូ ចំនួន ១៣គ្រឿង)។ ទន្ទឹមនេះ សមត្ថកិច្ចបានធ្វើការអប់រំអ្នកបើកបរមានជាតិអាល់កុលក្រោម ០.២៥mg/L ចំនួន២០នាក់ និងអប់រំអ្នកបើកបរមិនពាក់មួកសុវត្ថិភាពចំនួន ១០នាក់៕