ចាប់ខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ម្នាក់ និងប្រជាការពារ ២នាក់ ពីបទកំហែងទារប្រាក់ !
(ភ្នំពេញ) ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកនេះថា ករណីក្រុមជនប្រដាប់អាវុធចាប់ម៉ូតូជំរិតយកលុយ នៅប៉ុស្តិ៍ស្ទឹងមានជ័យ៣ ពេលននេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតសស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ចំនួន ០៣ នាក់ ក្នុងនោះ មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចំនួន ០១ នាក់ និងប្រជាការពារ ០២ នាក់ ។
ជនសង្ស័យ ចំនួន ០៣ នាក់ រួមមាន៖ ទី១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ ទី២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទប្រុស ជនជាតិខ្មែរ និងទី៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ។
ករណីនេះដែរ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១ នាក់ រួមនិងប្រជាការពារ ចំនួន ០២ នាក់ទៀត ពីបទកំហែងយកប្រាក់ ។
សូមជម្រាបថា មានករណីយុវជន ០៥ នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។
ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី ៕