កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកស្នូល ខេត្ដក្រចេះ, ជនដៃដល់សរុប ៣នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់

94
0 23

(ភ្នំពេញ) ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកស្នូល ខេត្ដក្រចេះ ស្រាវជ្រាវចាប់ខ្លួនជនដៃដល់សរុប ០៣ នាក់ ជាបន្ដបន្ទាប់ ។

ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងកាលពីវេលាម៉ោងប្រហែល ១៨ ៖ ០០ នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចគីឡូម៉ែត្រ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

ជនសង្ស័យចំនួន០៣នាក់ ដែលត្រូវចាប់ខ្លួនរួមមាន ៖
ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ទី២៖ ឈ្មោះ យ៉ាន់ សៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
និងទី៣៖ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

បើតាមសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពួកគេ (ជនសង្ស័យ) បានធ្វើសកម្មភាព យកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ចំនួន ០២ នាក់ រួមមាន ៖ ទី១-ឈ្មោះ អ៊ា សែម ភេទប្រុស អាយុ ៣៨ ឆ្នាំ រងរបួសធ្ងន់បណ្ដាលឱ្យស្លាប់ និងជនរងគ្រោះម្នាក់ទៀត ទី២-ឈ្មោះ តឿ តន ភេទប្រុស អាយុ ៣២ ឆ្នាំ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងបានបញ្ចូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។

94 free

សមត្ថកិច្ច បានឱ្យដឹងបន្តថា ក្រោយកើតហេតុ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវបានឃាត់ខ្លួនភ្លាមៗ ។ ដោយឡែកសង្ស័យ ចំនួន ០២ នាក់ ឈ្មោះ យ៉ាន់ សៅ និងឈ្មោះ សែ សុភាព បានរត់គេចខ្លួនបាត់ ដោយបានយកវត្ថុតាងទៅជាមួយ ។

ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរង ទទួលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជ្រាវភ្លាមៗ ចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។

សមត្ថកិច្ច បានបន្តទៀតថា លុះដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ បានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យបាន ចំនួន២នាក់ ៖
ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុច ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង)
និងទី២៖ ឈ្មោះ យ៉ាន់ សៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុចភូមិឈោងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង) ។

បន្ទាប់ពីបានធ្វើការសាកសួរបឋម ជនសង្ស័យទាំង ០២ ខាងលើ បានសារភាពថា ពួកខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ និងរងរបួសពិតប្រាកដមែន ដោយសារតែជនរងគ្រោះ បានបង្កហិង្សាមកលើបងប្រុសរបស់ពួកខ្លួន ទើបឈានដល់ការកាប់សម្លាប់ និងហិង្សានេះឡើង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...