កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃរាជធានីភ្នំពេញ បង្ហាញមុខក្រុមជនសង្ស័យទាំង ៥នាក់ ដែលលួច និងប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជភ្នំពេញ
(ភ្នំពេញ) ៖ ជនសង្ស័យប្រុសស្រី ចំនួន ០៥ នាក់ ដែលបានធ្វើសកម្មភាព លួច និងវាយប្លន់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវីធីច្បាប់ ។
ជនសង្ស័័យទាំងនោះមាន៖
១. ឈ្មោះ ជុំ ពិសី ភេទប្រុស អាយុ ២៤ ឆ្នាំ
២. ឈ្មោះ សុង ពិសិដ្ឋ ហៅល្វា ភេទប្រុស អាយុ ១៨ ឆ្នាំ
៣. ឈ្មោះ ស ច័ន្ទកក្កដា ហៅដូច ភេទប្រុស អាយុ ២៨ ឆ្នាំ
៤. ឈ្មោះ អ៊ឹម សៀវឡុង ភេទប្រុស អាយុ ២៥ ឆ្នាំ
៥. ឈ្មោះ កែវ លីនដា ភេទស្រី អាយុ ១៨ ឆ្នាំ ។
លោកវរសេនីយ៍ ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យទាំង ០៥ នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលនៃ អធិការដ្ឋានខណ្ឌកំបូល ស្រាវជ្រាវឃាត់បានខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ និង២៦ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទល្មើសអំពើលួច និងលួចមានស្ថានទង្ងន់ទោស (លួច និងប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ) ។
លោកវរសេនីយ៍ ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មកម្រិតស្រាល បានឱ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាព ០៣ ករណីផ្សេងគ្នា រួមមាន ៖
– ករណី ទី១៖ លួចម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០២២ ចំនួន ០១ គ្រឿង នៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាថ្ងៃត្រង់ ទី២៥ ខែមករា ឆ្នាំ២០២៤ ។
– ករណី ទី២៖ ព្រួតគ្នាវាយ និងធាក់ ហើយដកអាវុធខ្លីភ្ជង់ជនរងគ្រោះ ប្លន់យកម៉ូតូ ម៉ាកស្តុបពី ពណ៌ខៀវ ០១ គ្រឿង និងទូរសព្ទ ០១ គ្រឿង នៅចំណុចភូមិជ័យជម្នះ សង្កាត់ឱឡោក ខណ្ឌកំបូល កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។
– ករណីទី៣៖ លួចម៉ូតូម៉ាកហុងដាឌ្រីម ០១ គ្រឿង នៅចំណុចផ្ទះជួល ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។
នាយការិយាល័យនគរបាលព្រហ្មកម្រិតស្រាល បានបន្ថែមថា បន្ទាប់ពីធ្វើសកម្មភាព ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចជំនាញ ក៏បានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន ០៥ នាក់ ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ក៏បានដកហូតបានម៉ូតូម៉ាកហុងដា ០១ គ្រឿង របស់ជនរងគ្រោះ ព្រមទាំងដកហូតបានកន្ត្រៃកាត់ដែក ០១ និងដង្កាប់ ចំនួន ០១ សម្រាប់ធ្វើសកម្មភាពលួច ផងដែរ ។
ក្រោយពីបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង ០៥ នាក់ ត្រូវបាននគរបាលបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕