គ្រូបារមីជួបរបស់ពិត គឺបារមីរត់ចោលគ្រូហើយ បន្ទាប់ពីក្រសួងវប្បធម៌ ស្នើអន្តរាគមន៍ពីសមត្ថកិច្ច
(ភ្នំពេញ) ៖ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅកាន់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូតូ” ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថា មានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមពីភាគីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ក្រោយពីបានសាកសួរ ឈ្មោះ អេន ចរិយា បានទទួលស្គាល់នូវកំហុស ដូចខាងក្រោម៖
១. បានប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរថា បានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម ។
២. បានប្រើប្រាស់សម្លៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន ១០៨ ក្បាច់ ដែលខុសពីការពិត បង្កឱ្យមានការភ័នច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ ។
ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក ។ សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលនេះ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា៕