អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករជាង ៩០០ហិកតា នៅស្រុកមង្គលបូរី
(បន្ទាយមានជ័យ) ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ បានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ប្រមាណ ៩៣៥ ហិកតា ដែលកំពុងតែជួបបញ្ហាកង្វះទឹកសម្រាប់ស្រោចស្រព ស្ថិតនៅឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
អភិបាលរងខេត្ត លោក ឃ្លោក នួយ បានម្ដែងការកើតសរសើរពេលដែលឃើញប្រជាពលរដ្ឋ ចេះសាមគ្គីគ្នាក្នុងការរំដោះទឹកពីប្រឡាយ ដើម្បីបានមកដល់ស្រែពួកគាត់ ខណៈមានទឹកពេញប្រឡាយ សម្រាប់បូមដាក់ស្រូវប្រាំងនាពេលនេះ ។ ជិត ០១ ខែមុននេះ ប្រជាកសិករនៅស្រុកមង្គលបូរី បានជួបបញ្ហាខ្វះទឹកស្រោចស្រពដីកសិកម្ម ពិសេសស្រូវប្រាំង ។
ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រី មន្ទីរអង្គភាពពាក់ព័ន្ធ ដែលតែងយកចិត្តទុកដាក់ ដោះស្រាយប្រឈមនានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទាន់ពេលវេលា ។ ជាក់ស្តែងក្នុងករណីការជួយបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនាពេលនេះ ៕