សម្ដេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងធ្វើពហិកាមិនទៅបោះឆ្នោត ស្មើនឹងសម្លាប់សិទ្ធិនយោបាយខ្លួនឯង

94
0 16

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បើច្បាប់ស្ដីពីការបោះឆ្នោតថ្មី ចូលជាធរមានហើយនោះ ក្រុមប្រឆាំងធ្វើពហិកា មិនទៅចូលរួមបោះឆ្នោត នាពេលខាងមុខនេះ ស្មើនឹងសម្លាប់សិទ្ធិនយោបាយខ្លួនឯង។

នាឱកាសអញ្ជើញបិទ កិច្ចប្រជុំបូកសរុបសកម្មភាព និង លទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានណែនាំក្រុមការងារ រាជរដ្ឋាភិបាល ត្រូវពង្រឹង និងចាត់វិធាននានា ដើម្បីការពារដល់អ្នកមកបំផ្លាញ ការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នាពេលឆាប់ៗខាងមុខនេះ។

សម្ដេចតេជោ បន្ដថា ច្បាប់ស្ដីពីការបោះឆ្នោត មានវិសាលភាពធំធេងណាស់ ដើម្បីកុំឱ្យជនណាមកបំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយសម្ដេចមិនអត់ឱនឱ្យជនណា មកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ។

94 free

សម្ដេចតេជោ បន្ថែមថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែទម្រង់សម្រាប់អ្នកឈរឈ្មោះឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចតេជោ បន្ថែមទៀតថា នៅថ្ងៃស្អែកនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើជាតំណាងរាជរដ្ឋាភិបាល ដើម្បីឡើងការពារសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខនេះ ។

សម្ដេច គូសបញ្ជាក់ថា «ច្បាប់ចូលជាធរមានហើយ យើងក៏ចង់ដឹងថា អាជើងខ្លាំងនៅកន្លែងណា ដែលចេញមកដើម្បីពហិកាមិនចូលរួមបោះឆ្នោត។ ឥឡូវ យើងអំពាវនាវឱ្យអ្នកឯងធ្វើពហិកាចុះ ព្រោះពហិការបស់អ្នកឯងស្មើនឹងសម្លាប់សិទ្ធិនយោបាយរបស់អ្នកឯងតែប៉ុណ្ណោះ អញ្ចឹងអ្នកខ្លាំងធ្វើទៅ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា បើក្រុមប្រឆាំងមិនទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងបាត់បង់សិទ្ធិបោះឆ្នោត នៅឆ្នាំ២០២៨ ខាងមុខនេះ ទោះបីបានទៅបោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២៧ ក៏ដោយ ប៉ុន្ដែលក្ខខណ្ឌ ដើម្បីឈរឈ្មោះសម្រាប់បោះឆ្នោតតំណាងរាស្ដ្របាន ទាល់តែបោះឆ្នោតសកលបាន ២ដង៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...