ប្រមុខការទូតរុស្ស៊ីពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ ក្រោយការបះបោររបស់ក្រុម Wagner
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានហៅទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian ដែលបានសម្តែងការគាំទ្រសម្រាប់ទីក្រុងមូស្គូ បន្ទាប់ពីការបះបោររបស់ក្រុមយោធាឯកជន Wagner (PMC) ។
ក្រសួងដដែល បានបញ្ជាក់ថា ការសន្ទនានេះបានធ្វើឡើងកាលពីចុងសប្ដាហ៍មុន ក្រោមគំនិតផ្តួចផ្តើមរបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីវិបត្តិត្រូវបានដោះស្រាយរួចហើយ។
សេចក្តីថ្លែងការណ៍ បានសរសេរថា ភាគីអ៊ីរ៉ង់បានសម្តែងការគាំទ្រចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរុស្ស៊ី ដើម្បីធានាសណ្តាប់ធ្នាប់តាមរដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមយោធាស៊ីឈ្នួលឯកជនល្បីឈ្មោះ Wagner បានធ្វើការបះបោរ ដោយបានបញ្ជូនកងទ័ពខ្លួនលុកលុយនៅតាមទីក្រុងមួយចំនួនរបស់រុស្ស៊ី ៕