សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍បង្ហាញអំពីវត្ថុសិល្បៈចំនួន ៣ប្រភេទ រយៈពេល១ឆ្នាំ

94
0 167

ខេត្តសៀមរាប៖ ចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ។

លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋមកថែរក្សា និងអភិរក្ស សារមន្ទីរនឹងបង្ហាញពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះ នឹងធ្វើការបង្ហាញកុលាលភាជន៍ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹងមានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតងដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡកម្តៅចន្លោះពី១,០០០ ទៅ១,២០០អង្សាសេ។ ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។លោកបន្តថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈមានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។

94 free

ដូចនេះ បើសិនជាសាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវអាចអញ្ជើញមកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដោយមានមន្ត្រីជំនាញធ្វើបទបង្ហាញជូនអំពីព័ត៌មានថ្មីៗទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជនក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិប្រកបដោយនិរន្តរភាព សូមអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ។

សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានាយកមករក្សាទុកនៅទីនេះ។ សារមន្ទីរមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...