រុស្ស៉ីអះអាងថា បានសម្លាប់ឧត្តមសេនីយអ៊ុយក្រែនពីររូប និងមន្ត្រីយោធាប្រហែល ៥០នាក់ក្នុងការវាយប្រហារលើទីក្រុង Kramatorsk
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ឧត្តមសេនីយ៍អ៊ុយក្រែនពីររូប និងមន្ត្រីយោធាអ៊ុយក្រែន៥០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល លើទីក្រុងក្រាម៉ាតូស្ក៍ (Kramatorsk) ភាគខាងកើតនៃប្រទេសកាលពីថ្ងៃទី២៧ ខែមិថុនា។
ទីក្រុង Kramatorsk ជាទីក្រុងរងការវាយប្រហារជាញឹកញាប់ពីរុស្ស៉ី និងជាទីក្រុងដ៏សំខាន់មួយនៅភាគខាងលិចតំបន់ដូណេត ហើយទំនងជាគោលដៅ សំខាន់មួយរបស់រុស្ស៉ី ដើម្បីឆ្ពោះចូលទៅទិសខាងលិចក្នុងការចាប់យកតំបន់នេះទាំងមូល។
រុស្ស៊ីបាននិយាយថា ខ្លួនវាយប្រហារតែគោលដៅយោធាប៉ុណ្ណោះ មិនមែនជនស៊ីវិលទេ ដោយគូសបញ្ជាក់ថា ប៉ុស្តិ៍បញ្ជាការកងទ័ពអ៊ុយក្រែនបណ្តោះអាសន្ននៅទីក្រុងនោះត្រូវបានវាយប្រហារ
មន្ត្រីអ៊ុយក្រែនធ្លាប់បាននិយាយថា ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ីទៅលើ ភោជនីយដ្ឋានដែលមានហ្វូងមនុស្សនៅក្នុងទីក្រុង Kramatorsk កាលពីយប់ថ្ងៃអង្គារកន្លងទៅ បានសម្លាប់ជនស៊ីវិល ១២នាក់បានស្លាប់ និង ៦០នាក់បានរងរបួស៕