ក្រុមហ៊ុន Meta មិនបានបិទ ឬលុប Facebook របស់សម្តេចតេជោ ហ៊ុន សែន នោះទេ គឺសម្តេចលុបចោលដោយខ្លួនឯង

94
0 280
(ភ្នំពេញ)៖ តាមរយៈសារព័ត៌មានធំៗ ក៏ដូចជាសារព័ត៌មាន The New York Times ចេញផ្សាយឲ្យដឹងថា, អ្នកនាំពាក្យក្រុមហ៊ុន​ Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម Facebook បានអះអាងយ៉ាងច្បាស់ថា ក្រុមហ៊ុនពុំបានបិទ ឬលុបហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះទេ គឺសម្តេចជាអ្នកប្រកាសបិទខ្លួនឯង។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន Meta បានធ្វើឡើងបន្ទាប់ពី មានការផ្សព្វផ្សាយនូវពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនហ្វេសប៊ុក បានសម្រេចបិទហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសារការរំលោភសិទ្ធិមនុស្ស ឬសិទ្ធិនយោបាយជាដើម។
កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលុបចោល Facebook ជាស្ថាពរតែម្តង និងបានស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។
94 free
នៅក្នុងវេទិកាសាធារណៈមួយ នាព្រឹកថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរទៅក្រុមហ៊ុន Facebook ថាតើគោលនយោបាយ Facebook មានបានពិនិត្យមើលក្រុមប្រឆាំងប្រមាថព្រះមហាក្សត្រ ប្រមាថសម្តេច ភរិយា និងកូនសម្តេចដែរទេ? សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេសមកនិយាយ ហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើមកលើសម្តេច។
សម្តេចបានថ្លែងដូច្នេះថា «Facebook គេមានគោលការណ៍របស់គេ ខ្ញុំទទួលការគោរព ប៉ុន្តែ Facebook មើលរំលងទៅលើបញ្ហាមួយចំនួន ដែលធ្វើខុសនឹងគោលនយោបាយរបស់ Facebook»។
បន្ថែមពីលើនោះទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក (Facebook) សម្តេចជាច្រើនដែលមានរហូតជាង២០ ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ សម្តេចបានរកឃើញបណ្តាញទំនាក់ទំនង ដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្ភពីការចូលលួចដូច Facebook នោះទេ។
សម្តេចសូមការយោគយល់ពីអ្នករាប់សម្តេចតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល Telegram របស់សម្តេចវិញដើម្បី ទទួលបានព័ត៌មាន និងមានយោបល់មកសម្តេច តាមរយៈតេឡេក្រាមវិញ។ សម្តេចក៏បានបង្កើតគណនី TikTok ដើម្បីចែករំលែកព័ត៌មាន និងប្រសាសន៍ផងដែរ។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ៕
94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...