អ៊ីស្រាអែលត្រៀមទិញយន្តហោះចម្បាំងអាមេរិក F-35 ចំនួន២៥គ្រឿងទៀត ក្នុងតម្លៃ៣ពាន់លានដុល្លារ
ហ្សេរុយសាឡឹម៖ ក្រសួងការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានប្រកាសឱ្យដឹងថា ប្រទេសអ៊ីស្រាអែលទើបតែបានអនុម័ត ចំពោះការទិញយន្តហោះចម្បាំងអាមេរិក F-35 កងទី៣ ក្នុងកិច្ចព្រមព្រៀងមួយ មានតម្លៃរហូតដល់៣ពាន់លានដុល្លារ។
អ៊ីស្រាអែលគឺជាប្រទេសដំបូងគេបំផុត ក្រៅពីសហរដ្ឋអាមេរិក ដែលទទួលបានយន្តហោះចម្បាំង F-35 យកទៅប្រើប្រាស់។ កាលពីខែឧសភា ឆ្នាំ២០១៨ ប្រមុខកងទ័ពអាកាសអ៊ីស្រាអែល បានអះអាងថា អ៊ីស្រាអែលគឺជាប្រទេសដំបូងគេ ដែលបានប្រើយន្តហោះនេះ នៅក្នុងការប្រយុទ្ធគ្នាជាក់ស្តែង
ក្រសួងការពារជាតិអ៉ីស្រាអែល បាននិយាយថា ក្នុងកិច្ចព្រមព្រៀងខាងលើ នឹងមានការទិញយន្តហោះ F-35 ចំនួន២៥គ្រឿង ដែលវានឹងនាំឱ្យកងទ័ពអាកាសអ៊ីស្រាអែល មានយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបនេះ សរុបកើនដល់៧៥គ្រឿង ហើយកិច្ចព្រមព្រៀងនោះ នឹងត្រូវទូទាត់ថវិកាតាមរយៈកញ្ចប់ជំនួយវិស័យការពារជាតិ ដែលអ៉ីស្រាអែលទទួលបានពីសហរដ្ឋអាមេរិក៕