កម្ពុជាហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់អំពីការហាមប្រាមបុគ្គលចំនួន២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta Platforms Inc មិនឲ្យចូលប្រទេសកម្ពុជានោះឡើយ។
សូមជម្រាបថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ។
នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញសារសំឡេងពិសេសដោយ ប្រកាសមិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់៕