ក្រសួងមហាផ្ទៃហាមឃាត់ការដាក់បញ្ចាំអត្តសញ្ញាណប័ណ្ណដើម្បីខ្ចីប្រាក់ ប្រសិនរកឃើញនឹងដាក់ទណ្ឌកម្មតាមច្បាប់ ឬបិទអាជីវកម្មតែម្ដង

94
0 289

ភ្នំពេញ៖ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃបានហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណ ដាក់បញ្ចាំដើម្បីខ្ចីប្រាក់ ក្នុងករណីរកឃើញត្រូវដាក់ទណ្ឌកម្មតាមច្បាប់ ឬបិទអាជីវកម្មនោះតែម្ដង។

ក្រសួងមហាផ្ទៃចេញសេចក្តីណែនាំនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពិនិត្យឃើញថា កន្លងមកនិងពេលបច្ចុប្បន្នមានពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

94 free

ក្រសួងបញ្ជាក់ថា ក្នុងករណីរកឃើញមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិ នៃកម្ពុជា រដ្ឋបាល រាជធានី ខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណនោះស្រប តាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែលអាជ្ញាបណ្ណនោះ ត្រូវបានផ្ដល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ខ្លួន។

ជាមួយគ្នានេះ ក្នុងករណីរកឃើញថាមានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬ កន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្ដល់ ឥណទាន រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការផ្អាកអាជីវកម្មនោះ ស្របតាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន។

ក្រសួងមហាផ្ទៃគូសបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិការកម្ចីជនបទក្នុង ប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណដែលបានដកហូតទៅប្រជាពលរដ្ឋខ្មែរដែល ជាម្ចាស់អត្តសញ្ញាណប័ណ្ណវិញ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...