អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបមុខសញ្ញាជនឆបោកតាមទូរស័ព្ទ
ភ្នំពេញ៖ កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាត ឬប្រុសសង្ហា បង្កើតគណនីក្លែង ដើម្បីបន្លំបោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ ប្រាក់កាសអស់ ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជន ធ្វើជាមានចិត្តចង់ជួយជនរងគ្រោះ ដោយបញ្ឆោតថា បានផ្ញើវត្ថុមានតម្លៃ ឬថវិកា ឲ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ បញ្ឆោតឲ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញ ដើម្បីដោះស្រាយបញ្ហា ក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត។
ទន្ទឹមនេះក៏មានករណីឆបោកតាមការតេទូរស័ព្ទ ដោយជនទុច្ចរិត បានប្រើវិធីសាស្ត្រ ចុចលេខទូរស័ព្ទសម្រាប់តេ តាមការចៃដន្យ បោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំជាដើម រួចបញ្ឆោតឲ្យជនរងគ្រោះផ្ទេរប្រាក់ខ្លះត្រឡប់ទៅវិញ ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ និងខ្លះទៀតក្លែងជាសាច់ញាតិជនរងគ្រោះ ហើយកុហក់ថា ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ឬជួបឧបទ្ទហេតុផ្សេងៗ រួចក៏បញ្ឆោតបំភ័យឲ្យជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន រហូតផ្ញើប្រាក់ជាច្រើន យកទៅដោះស្រាយបញ្ហាភ្លាមៗ ក៏ក្លាយជាការខាតបង់ប្រាក់កាស តាមល្បិចបោកបញ្ឆោតរបស់ជនល្មើស។
ល្បិចឆបោកដដែលៗនេះ ក៏ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបជាបន្តបន្ទាប់ និងបានធ្វើការផ្សព្វផ្សាយជាហូរហែរ តែក៏នៅមានជនទុច្ចរិតផ្សេងទៀតយកមកប្រើប្រាស់ ដើម្បីបោកបញ្ឆោតជនរងគ្រោះជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែង នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានករណីបោកប្រាស់តាមទូរស័ព្ទមួយបែប ប៉ុន្តែត្រូវបានអាវុធហត្ថរាជធានី ភ្នំពេញ ធ្វើការបង្ក្រាបដោយជោគជ័យ ដែលជនសង្ស័យឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ បានធ្វើការបោកប្រាស់ ស្ត្រីចំណាស់ជាច្រើនករណី តាមរយៈចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែ រកមើលសម្លេងស្ត្រីចំណាស់ ហើយបានប្រើល្បិចហៅជនរងគ្រោះថាម៉ែ និងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោរ ក៏ប្រឹងរកប្រាក់ វេឲ្យជនសង្ស័យភ្លាមៗតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ផងដែរ៕