ប្រាយុទ្ធ ប្រកាសចូលនិវត្តន៍ពីនយោបាយ ក្រោយកាន់អំណាចអស់រយៈពេល៩ឆ្នាំ
បាងកក៖ នាយករដ្ឋមន្រ្តីចាំផ្ទះនៃប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍ពីនយោបាយ ពោលគឺរយៈពេល៩ឆ្នាំ បន្ទាប់ពីលោកបានឡើងកាន់អំណាចដំបូង តាមរយៈរដ្ឋប្រហារយោធាក្នុងនាមជាប្រមុខរដ្ឋាភិបាលសឹក។
លោក ប្រាយុទ្ធ បានក្លាយជាមេដឹកនាំនៃប្រទេសថៃជាលើកដំបូង កាលពីឆ្នាំ២០១៤ បន្ទាប់ពីធ្វើរដ្ឋប្រហារយោធា ផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់។
ក្រោយមក លោកក៏បានក្លាយជាប្រមុខរដ្ឋាភិបាលស៉ីវិល ក្រោយការបោះឆ្នោតសកលថៃឆ្នាំ២០១៩ ដែលជាលើកដំបូងគិតចាប់តាំងពីរដ្ឋប្រហារយោធា។ យ៉ាងណាមិញ គណបក្សរបស់លោក ប្រយុទ្ធ បានទទួលបរាជ័យក្នុងការបោះឆ្នោតសកលអាណត្តិថ្មី កាលពីខែឧសភាកន្លងទៅ។
លោក ប្រាយុទ្ធ បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សលោកដូច្នេះថា «ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាឈប់ពីនយោបាយ និងលាលែងពីសមាជិកនៃគណបក្ស United Thai Nation Party»។ យ៉ាងណាមិញ លោកនឹងបន្តនៅជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់ពេលរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងរួចរាល់៕