សម្ដេចតេជោ ទម្លាយរឿងទទួលបានព័ត៌មានពីក្រុមជ្រុលនិយម នៅក្រៅប្រទេសជាមនុស្សរបស់សម្ដេច
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា សម្ដេចទទួលបានព័ត៌មានពិតពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសតាមរយៈមនុស្សរបស់សម្ដេចនៅជាមួយពួកគេ ខណៈមនុស្សខ្លះធ្លាប់ជេរសម្ដេច ឮជាងគេផង ។
យោងតាមរយៈពេលតេឡេក្រាម នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលអះអាងថា មានមនុស្សនៅក្បែរសម្ដេចនោះ សម្ដេចប្រាប់ថា «នោះ គឺ ហ៊ុន សែន តែម្តងដែលតែងតែផ្តល់ព័ត៌មានឱ្យ ជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង ម៉ួ សុខហួ ឡុង រីហូវ៉ាន់ និងមេដឹកនាំមួយចំនួនទៀត ។
អ្នកឱ្យព័ត៌មានច្រើនប្រើឈ្មោះ កុសល់ មែនទេ? អស់លោក និងលោកស្រី មានអំនួតខ្លាំងណាស់ដែលថា មានមនុស្សបង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថា ជាល្បិចចារកម្មអត់ស្រមោលរបស់ ហ៊ុន សែន នោះឡើយ» ។
សម្ដេចតេជោ បានគូសបញ្ជាក់ថា ៖ «ខ្ញុំយកព័ត៌មានពីអស់លោកបាន ព័ត៌មានពិត តាមរយៈមនុស្សរបស់ខ្ញុំនៅជាមួយអស់លោកដែលមនុស្សខ្លះជេរ ហ៊ុន សែន ឮជាងគេផង ។ ចំណែកអស់លោកយកព័ត៌មានពីខ្ញុំ គឺជាព័ត៌មានដែលខ្ញុំចង់ឱ្យតែប៉ុណ្ណោះ ។ ដោយសារខ្ញុំ ឃើញអស់លោកល្ងង់ពេកបានខ្ញុំប្រាប់ពីការពិតនៃការចារកម្មឥតស្រមោលមួយនេះ ដើម្បីឆ្លាតបន្តិច» ។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា«នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយកុសលឱ្យធ្វើឃា.ដ ហ៊ុន សែន ដែលខ្ញុំទុកទូរទាត់បញ្ជីនៅពេលក្រោយ ។ សូមស្តាប់សំឡេង ឆាំ ឆានី ដែលភ្ជាប់ជាមួយ»៕