នគរបាលជាតិច្រានចោលការផ្សាយរបស់សារព័ត៌មានខេមបូឌាដេលីដែលថាថ្នាក់ដឹកនាំកម្ពុជាមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

94
0 284

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានបែបប្រឌិតមួលបង្កាច់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីសំណាក់សារព័ត៌មានបរទេសខេមបូឌាដេលី។

ក្នុងការផ្សព្វផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដោយដកស្រង់ប្រសាសន៍របស់នាយឧត្តមសេនីយ៍ នេត សាវឿន ថាកន្លងមកនេះ ខេមបូឌាដេលី បានផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុកនូវព័ត៌មានមិនពិត ដែលមានចរិតនយោបាយ ប្រឌិត មួលបង្កាច់ អំពីស្ថានការណ៍កម្ពុជា និងមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគ្រួសាររបស់សម្ដេច។

94 free

អគ្គស្នងការដ្ឋាននគរបាលជាតិគូសបញ្ជាក់ថា កាសែតមួយនេះ បានមួលបង្កាច់ បំភ័ន្ត អំពីស្ថានភាពគ្រឿងញៀននៅកម្ពុជា ហើយធ្វើមិនឃើញ មិនដឹងមិនឮអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សហប្រតិបត្តិអន្តរជាតិ យ៉ាងជិតស្និទ្ធពីបណ្ដាប្រទេស ក្នុងការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមផែនការយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យ ទទួលបានការអបអរសាទរ ការគាំទ្រ ការសហការ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

នាយឧត្តមសេនីយ៍ថា៖ «នេះគឺជាចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជៈដាច់ថ្លៃរបស់ពួកអមិត្តរបស់កាសែតមួយនេះ ដែលតែងតែប្រឌិត មួលបង្កាច់ ចោទប្រកាន់ លាបពណ៌ដល់សម្ដេចតេជោ និងគ្រួសារ ក្នុងគោលបំណងបង្ខូចកិត្តិយសវិរបុរស សន្តិភាព ស្នេហាជាតិ ជាម្លប់ដឹកនាំជាតិ និងប្រជាជនកម្ពុជា។ ឧបាយកលខ្មៅកខ្វក់របស់កាសែតខេមបូឌាដេលីនេះ មិនអាចបំភ័ន្ត បិទបាំងការពិត បន្ថយជំនឿជឿជាក់ គោរពស្រឡាញ់ចំពោះសម្ដេចតេជោ និងគ្រួសាររបស់សម្ដេច ពីសំណាក់ ប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានឡើយ»។

អគ្គស្នងការដ្ឋាននគរបាលជាតិ លើកឡើងថាការផ្សព្វផ្សាយរបស់កាសែតមួយនេះ គ្រាន់តែបានបង្ហាញដល់មហាជនជាតិ អន្តរជាតិ ឲ្យឃើញកាន់តែច្បាស់ពីមហិច្ឆតា ឧបាយកលអមិត្ត បង្កការញុះញង់ បង្កអសន្តិសុខសង្គម បំផ្លិចបំផ្លាញខឿនសន្តិភាព បង្អាក់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ និងបានបញ្ជាក់ទៀតថា កាសែតមួយនេះ គួររៀនសូត្រឡើងវិញពីវិជ្ជាជីវៈសារព័ត៌មាន សីលធម៌ កុំធ្វើតាមតែការញុះញង់ បញ្ជារបស់ចៅហ្វាយដូចពេលនេះ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...