ឆមាសទី១ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាង ៣៦ម៉ឺនតោន ធ្លាក់ចុះជាង១២%
ភ្នំពេញ៖ រយៈពេល៦ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៣៦ម៉ឺនតោនទៅក្រៅប្រទេស ធ្លាក់ចុះ១២.៦៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អ៊ួន ស៊ីឡុត ដែលដកស្រុងចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៣ ខែកក្កដានេះថា ការនាំចេញស្វាយចន្ទីទៅក្រៅប្រទេស ធ្លាក់ចុះនៅឆមាសទី១ឆ្នាំនេះ ដោយសារតែ បីកត្តា គឺ កត្តាទី១៖ កសិករមួយចំនួនកាលពីពេលកន្លង ទៅបានកាប់ដើមចន្ទីចោល ហើយងាកទៅដាំដំណាំផ្សេងវិញ ដែលមានប្រមាណជាង ១០ម៉ឺនហិកតា ធ្វើឱ្យទិន្នផលធ្លាក់ចុះជាងមុន។ កត្តាទី២ គឺកសិករដែលមានលទ្ធភាព បានហាលគ្រាប់ឆៅស្តុកទុកសិន ដើម្បីបញ្ចេញលក់នៅអំឡុងខែសីហា ឬខែកញ្ញា ដែលពួកគាត់រំពឹងថានឹងទទួលបានថ្លៃជាងពេលបច្ចុប្បន្ននេះ ព្រោះជាទូទៅក្នុងអំឡុងជិតចុងឆ្នាំ គ្រាប់ឆៅបានឡើងថ្លៃមួយកម្រិតទៀត។
បើតាមប្រធានសមាគមស្វាយចន្ទីរូបនេះ តម្លៃគ្រាប់ស្វាយចន្ទីឆៅ ដែលកសិករលក់នាពេលកន្លងមក ៥៥០០រៀលទៅ៦៥០០រៀលទៅតាមគុណភាពគ្រាប់ ហើយលោករំពឹងថា ក្នុងអំឡុងពេលខែសីហា និងខែកញ្ញាខាងមុខនេះ តម្លៃគ្រាប់ឆៅនឹងកើនឡើងដល់ ៦៨០០រៀល។
បើតាមតួលេខដែលកត់ត្រាដោយសមាគមស្វាយចន្ទីកម្ពុជា រយៈពេល៥ខែដើមឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន៥សែន ៧ម៉ឺន ៦ពាន់តោន ក្នុងនោះចេញទៅកាន់ប្រទេសវៀតណាមចំនួន ៥៤ម៉ឺន ៧ពាន់តោន ទទួលបានទឹកប្រាក់ ៧៥០លានដុល្លារ ថយចុះ១១.៨៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដោយលក់បានក្នុងតម្លៃជាមធ្យម ១ ៣៨២ដុល្លារក្នុងមួយតោន សម្រាប់គ្រាប់សើម និង តម្លៃ១៦១០ដុល្លារ សម្រាប់គ្រាប់ស្ងួត។
យោងតាមការកត់ត្រារបស់សមាគមស្វាយចន្ទីកម្ពុជា កាលពីឆ្នាំ២០២២ ពិភពលោកផលិតបានគ្រាប់ស្វាយចន្ទីសរុបចំនួនជាង៤.៤ លានតោន ក្នុងនោះកម្ពុជាផលិតបាន ៦៩ម៉ឺនតោន ដែលស្មើនឹង១៦%នៃការផលិតសរុបនៅលើពិភពលោក៕