តុលាការសម្រេចឃុំខ្លួន មេដឹកនាំគណបក្សភ្លើងទៀន២នាក់ រឿងញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង សុជាតិ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មេដឹកនាំគណបក្សភ្លើងទៀន២នាក់ ពាក់ព័ន្ធនឹងរឿងញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត ក្រោមការប្រកាន់ជាផ្លូវការ ពីបទញុះញង់បង្កភាពវិកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបានបញ្ជាក់ដូចគ្នាថា ឈ្មោះ លី រី និងឈ្មោះ ប៊ុន ខេត ត្រូវបានដាក់ឲ្យស្ថិតក្រោមបទចោទប្រកាន់ ពីបទញុះញង់បង្កភាពវិកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម។
សូមរម្លឹកថា សមត្ថកិច្ចនគរបាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។ សមត្ថកិច្ចនគរបាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនមេដឹកនាំគណបក្សភ្លើងទៀន២នាក់ ទៅតុលាការ ក្រោយចាប់ខ្លួន រឿងញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។
សមាជិកជាន់ខ្ពស់គណបក្សប្រឆាំង២រូបនេះ រួមមានទី១៖ គឺលោក លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២៖ លោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នោះទេ ដោយសារតែពុំមានឯកសារគ្រប់គ្រាន់តាមតម្រូវការរបស់គ.ជ.ប និងច្បាប់៕