នាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរអាមេរិក ទៅដល់កូរ៉េខាងត្បូងជាលើកដំបូង
សេអ៊ូល៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា នាវាមុជទឹកមួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបំពាក់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ ឬហៅកាត់ថា SSBN កំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូង ដែលជាព្រឹត្តិការណ៍លើកដំបូងគិតចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០មក ។
ដំណឹងខាងលើនេះត្រូវបានប្រកាសដោយ មន្រ្តីសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក គឺលោក ខឺត ខេមប៊ែល (Kurt Campbell) ក្នុងឱកាសដែលរូបលោក កំពុងស្ថិតក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចប្រជុំលើកទីមួយ នៃក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរ ជាមួយក្រុមមន្រ្តីកូរ៉េខាងត្បូង ដែលផ្តោតលើការសម្របស្រួលវិធានការឆ្លើយតប ក្នុងករណីសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង ជាមួយប្រទេសកូរ៉េខាងជើង។
ពួកនាវា SSBN របស់អាមេរិក ធ្លាប់ធ្វើការបំពេញទស្សនកិច្ចជាទៀងទាត់ទៅកាន់កូរ៉េខាងត្បូង កាលពីអំលុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែបានបញ្ឈប់ទៅវិញនៅឆ្នាំ១៩៨១។ ដោយឡែក កាលពីខែមិថុនាកន្លងទៅ នាវាមុជទឹកអាមេរិកមួយគ្រឿង ដើរដោយថាមពលនុយក្លេអ៊ែរ ដែលបំពាក់មីស៉ីលគ្រូស ឬហៅកាត់ថា SSGN ក៏បានត្រូវបញ្ជូនឱ្យមកបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានព្រមព្រៀងគ្នា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំឡុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន កាលពីខែមេសា សហរដ្ឋអាមេរិកបានសន្យាបញ្ជូន នាវាមុជទឹកបំពាក់មីស៉ីលនុយក្លេអ៊ែរ (SSBN) មកកាន់កូរ៉េខាងត្បូង។ ក្នុងការព្រមព្រៀងនោះ គឺរួមមានទាំងការបង្កើនការចល័តអាវុធយុទ្ធសាស្រ្ត របស់សហរដ្ឋអាមេរិក មកកាន់ឧបទ្វីបកូរ៉េ។
កងទ័ពជើងទឹកអាមេរិក កំពុងធ្វើប្រតិបត្តិការនាវាមុជទឹកប្រភេទ SSBN ចំនួន១៤គ្រឿង ដែលមួយគ្រឿងៗ អាចផ្ទុកមីស៉ីល Trident II D5 ចំនួន២០គ្រាប់ ហើយមីស៉ីលនីមួយៗ អាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់៨គ្រាប់ ទៅកាន់គោលដៅស្ថិតនៅចម្ងាយអតិបរមា ១២,០០០គីឡូម៉ែត្រ៕