មនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសខ្លួន ខណៈព្យុះទីហ្វុង Talim វាយប្រហារចិន និងវៀតណាម

94
0 383

ប៉េកាំង៖ ប្រជាជនរាប់ម៉ឺននាក់ នៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិន និងវៀតណាម ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ទីទួលមាន សុវត្ថិភាពរៀបចំដោយរដ្ឋ ខណៈព្យុះទីហ្វុង ថាលីម (Talim) បានបក់បោកវាយប្រហារលើតំបន់ដីគោក ដោយបង្ខំឱ្យមានការប្រកាសអាសន្នពីគ្រោះទឹកជំនន់ និងការលុបចោលជើងហោះហើរ ព្រមទាំងការធ្វើដំណើរតាមរថភ្លើង។

ប្រឈមុខនឹងព្យុះទីហ្វុងក៏ខ្លាំងនេះដែរ អាជ្ញាធរចិនបានចេញការប្រកាសអាសន្នកម្រិត «ពណ៌ទឹកក្រូច» ដែលជាកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរកម្រិតទី២ នៅក្នុង ប្រព័ន្ធប្រកាសអាសន្ននៃអាកាសធាតុរបស់ចិន ហើយមនុស្សជិត ២៣០,០០០នាក់ រស់នៅក្នុងខេត្តក្វាងទុង ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព កាលពីថ្ងៃចន្ទ។ បន្ថែមពីលើនេះ អាជ្ញាធរចិន បានបិទកន្លែងទេសចរណ៍តាមបណ្ដោយឆេ្នររាប់សិបកន្លែងជាបណ្ដោះអាសន្ន រីឯនាវាជួយសង្រ្គោះ១១គ្រឿង ឧទ្ធម្ភាគចក្រ ៥គ្រឿង ទូកតូចៗ ៤៦គ្រឿង ព្រមទាំងក្រុមអ្នកជួយសង្រ្គោះត្រូវបានដាក់ឱ្យប្រចាំត្រៀមលក្ខណៈធ្វើសកម្មភាពគ្រប់ពេលវេលា។

94 free

បើតាមរដ្ឋបាលឧតុនិយមចិន ព្យុះទីហ្វុង Talim ដែលជាព្យុះទីហ្វុងទី៤ នៅក្នុងឆ្នាំនេះ បានបក់បោកទៅដល់ដីគោកនៃតំបន់ឆ្នេរក្នុងខេត្តក្វាងទុង (Guangdong) នៅម៉ោងប្រហែល ១០៖២០នាទីយប់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ ១៣៦.៨គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋបាលឧតុនិយមចិន ក៏បាន ព្រមានដែរថាព្យុះទីហ្វុង Talim នឹងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ឆ្នេរភាគខាងត្បូងចាប់ពីខេត្តក្វាងទុង ដល់ខេត្តហៃណាន់ (Hainan)។

ដោយឡែក នៅឯប្រទេសវៀតណាមវិញ អាជ្ញាធរក៏កំពុងត្រៀមលក្ខណៈជម្លៀសប្រជាជនជាង ៣០,០០០នាក់ ចេញពីតំបន់ដែលអាចនឹងរងគ្រោះធ្ងន់ធ្ងរ ដោយសារព្យុះ Talim ដូចជាខេត្ត កាងនីញ (Quang Ninh) និងខេត្តហៃហ្វុង (Hai Phong) ស្របពេលព្យុះនេះត្រូវបានគេព្យាករថានឹងវាយប្រហារលើ តំបន់ឈូងសមុទ្រតុងកឹង (Tonkin)៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...