តុលាការធម្មនុញ្ញថៃសម្រេចព្យួរសមាជិកភាពសភារបស់លោកភិថា

94
0 869

94 free

(ប្រទេសថៃ)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី១៩ ខែកក្កដានេះ បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នហើយ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃ ឱ្យព្យួរសមាជិកភាពសភារបស់មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានរំលោភលើច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុន នៅក្នុង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការជាយូរមកហើយ។ តុលាការធម្មនុញ្ញថៃក៏យល់ព្រមបើកសវនាការលើសំណុំរឿងនេះផងដែរ ខណៈមានការ រំពឹងថាជាច្រើនថាលោក Pita អាចនឹងត្រូវបានគេដកហូតសមាជិកភាពសភារបស់លោក។
យ៉ាងណាក៏ដោយ លោក Pita នៅតែអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានដដែល។ ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះ ធ្វើឡើងចំថ្ងៃតែមួយដែល សម័យប្រជុំរួមរដ្ឋសភា និងព្រឹទ្ធសភា កំពុងប្រព្រឹត្តទៅដើម្បីបោះឆ្នោតសម្រេចចុងក្រោយថាតើលោក Pita អាចក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ឬក៏យ៉ាងណា៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...