មន្រ្តីគយចុះចាប់សំបកកង់រថយន្តប្រមាណជាង១០០០គ្រាប់ក្នុងក្រុងសៀមរាប
ក្រុងសៀមរាប៖ ទីតាំងលក់សំបកកង់រថយន្តចំនួន០៣ទីតាំងធំៗ ក្នុងក្រុងសៀមរាប អនុវត្តតាមបង្គាប់របស់លោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ជំនួសដោយលោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារង បានដឹកនាំមន្ត្រីគយ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការិយាល័យប្រឆាំងបទល្មើសខេត្តសៀមរាប ចុះឆែកឆេរនិងត្រួតពិនិត្យសំបកកង់រថយន្តសង្ស័យល្មើសច្បាប់គយមិនមានការបង់ពន្ធនាំចូល។
ប្រតិបត្តិការចុះឆែកឆេរត្រួតពិនិត្យនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីតាំងទី១ យីហោ សោ គឹមផេង ទីតាំងទី២ យីហោ ង៉ោ អូយឈាង និងទីតាំងទី៣ យីហោ ស៊ឹង វុទ្ធី តាមបណ្តោយផ្លូវជាតិ៦ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
តាមការបញ្ជាក់របស់ម្ចាស់ទីតាំងខាងលើ៖ សំបកកង់រថយន្តពួកគាត់ទិញពីក្រុមហ៊ុននៅភ្នំពេញ ដោយឃើញមានបិទតែមគយត្រឹមត្រូវ។
ការចុះឆែកឆេនេះបានឃើញទំនិញល្មើស សំបកកង់រថយន្តទេសចរប្រភេទថ្មីចម្រុះចំនួន ១១២០គ្រាប់ ដោយគ្មានបង្កាន់ដៃបង់ពន្ធនិងបិទតែមត្រឹមត្រូវ នេះបើតាមកំណត់ហេតុរបស់សមត្ថកិច្ចជំនាញ។
នេះជាលើកទីមួយក្នុងខែតុលាដែលមន្រ្តីគយចុះពនិត្យទំនិញនាំចូលសង្ស័យគ្មានបង់ពន្ធនាំចូល។
ជុំវិញករណីខាងលើនេះ អង្គភាពវ៉ាវញូស៍ មិនទាន់បានទទួលព័ត៌មានបន្ថែមពីសមត្ថកិច្ចគយនៅឡើយទេ។