ការិយាល័យប្រជាពលរដ្ឋថៃ ស្នើឱ្យតុលាការធម្មនុញ្ញថៃពន្យារពេលការជ្រើសរើសនាយករដ្ឋមន្ត្រី
បាងកក៖ ការិយាល័យប្រជាពលរដ្ឋថៃ (Ombudsman) នឹងស្នើឱ្យតុលាការធម្មនុញ្ញធ្វើសេចក្តីសម្រេច ថាតើការសម្រេចចិត្តរបស់សភា ក្នុងការរារាំងការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីជាថ្មី លោក Peta Limjaronrat កាលពីសប្តាហ៍មុន បានបំពានរដ្ឋធម្មនុញ្ញឬយ៉ាងណា។
គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃ ឱ្យព្យួរសមាជិកភាពសភារបស់មេដឹកនាំ គណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានរំលោភលើច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ ភាគហ៊ុន នៅក្នុង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការជាយូរមកហើយ។ បន្ថែមពីលើនេះ តុលាការធម្មនុញ្ញថៃក៏យល់ព្រមបើកសវនាការលើសំណុំរឿងនេះ ផងដែរ។
អគ្គលេខាធិការការិយាល័យ លោក Keirov Kritteeranon បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា ការិយាល័យ Ombudsman ក៏គ្រោងនឹងដាក់ញ្ញត្តិទៅតុលាការធម្មនុញ្ញ ដើម្បីពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នគ្រោងនឹងធ្វើនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រហូតដល់សាលក្រមចេញ។
លោកបានបន្តថា ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីមានញ្ញត្តិជាបន្តបន្ទាប់ពីអ្នកតំណាងរាស្ត្រ និងអ្នកជំនាញផ្នែកច្បាប់ ដែលបានស្វែងរកជំនួយពីការិយាល័យ។
លោក Keirov បាននិយាយថា «បន្ទាប់ពីការពិគ្រោះយោបល់ ការិយាល័យ Ombudsman បានយល់ស្របថា ចំណាត់ការរបស់សភា (ស្ថាប័នដែលមានអំណាចរដ្ឋ) កាលពីថ្ងៃទី ១៩ កក្កដា គឺមិនស្របតាមរដ្ឋធម្មនុញ្ញទេ»។
សូមជម្រាបថា កាលពីថ្ងៃទី ១៩ ខែកក្កដាកន្លងទៅ សម័យប្រជុំរួមមួយរវាងរដ្ឋសភានិងព្រឹទ្ធសភាថៃ បានរារាំងលោក Pita អាយុ ៤២ឆ្នាំ ដែលជាមេដឹកនាំគណបក្ស Move Forward ដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ពីការតែងតាំងជានាយករដ្ឋមន្ត្រីជាលើកទីពីរ។ វាកើតឡើងបន្ទាប់ពីលោកបានបរាជ័យ ក្នុងការទទួលបានការបោះឆ្នោតគ្រប់គ្រាន់ សម្រាប់តំណែងនាយករដ្ឋមន្ត្រីកាលពីជុំទីមួយ៕