ឃ្លាំងស្តុកគ្រាប់របស់រុស្ស៉ីនៅតំបន់គ្រីមៀ រងការវាយប្រហារដោយដ្រូនអ៊ុយក្រែន
មូស្គូ៖ មន្ត្រីរុស្ស៉ីម្នាក់និយាយថា ឃ្លាំងស្តុកគ្រាប់រំសេវមួយនៅកន្លែងទីក្រុងឌីហ្សាន់ខុយ (Dzhankoi) នៃតំបន់គ្រីមៀ រងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ដោយកងកម្លាំងការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ ឬត្រូវប្រព័ន្ធស្ទាក់ចាប់យន្តហោះដ្រូន ១១គ្រឿង។
លោក សឺហ្គៃ អាក់ស៉ីយ៉ូនូវ (Sergei Aksyonov) អភិបាលតំបន់តែងតាំងដោយរុស្ស៉ីនៅតំបន់គ្រីមៀ បានឲ្យដឹងទៀតថា អគារលំនៅឋាននៅតំបន់នោះក៏រងការខូចខាតផងដែរ។ មិនមានករណីស្លាប់និងរបួសណាមួយទេ ប៉ុន្តែមនុស្សដែលរស់នៅក្នុងចម្ងាយ ៥គីឡូម៉ែត្រពៅទីតាំងកើតហេតុកំពុងត្រូវបានជម្លៀសចេញ។
សូមជម្រាបថា រុស្ស៉ីមានមូលដ្ឋានទ័ពអាកាសនៅក្បែរទីក្រុង Dzhankoi។ មន្ត្រីអ៊ុយក្រែនបាននិយាយជាយូរមកហើយថា ទីក្រុង និងតំបន់ជុំវិញនោះត្រូវបានប្រែក្លាយទៅជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់ទីក្រុងមូស្គូនៅគ្រីមៀ៕