រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី ថាកូរ៉េខាងជើងគឺជា «ដៃគូដ៏សំខាន់»
ប៉េកាំង៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នៅថ្ងៃពុធនេះ បានស្ងើចសរសើរភាពជាដៃគូនៃប្រទេសរបស់លោកជាមួយកូរ៉េខាងជើង អំឡុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើង លោក កាង ស៊ុនណាំ (Kang Sun Nam) នៅឯទីក្រុងព្យុងយ៉ាង។
លោក សូយហ្គូ បាននិយាយដូច្នេះថា «សម្រាប់រុស្ស៉ី កូរ៉េខាងជើងជាដៃគូដ៏សំខាន់មួយ ដែលមានព្រំប្រទល់ជាប់គ្នា និងមានប្រវត្តិនៃការធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងយូរអង្វែង»។ លោកប្រមុខការពារជាតិរុស្ស៉ី បានបន្តទៀតថា លោកនឹងបន្តចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់រុស្ស៉ីនិងចិន បានមកបំពេញទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ដើម្បីចូលរួមព្រឹត្តិការណ៍អបអរខួប នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ក្នុងសប្តាហ៍នេះ ដែលក៏ជាទស្សនកិច្ចលើកដំបូងដោយក្រុមមន្រ្តីបរទេសនៅកូរ៉េខាងជើង ដែលគេបានដឹងជាសាធារណៈផងដែរ គិតចាប់តាំងពីការបិទព្រំប្រទល់ របស់ប្រទេសឯកោមួយនេះ អំលុងវិបត្តិជំងឺរាតត្បាតកូវីដ១៩៕