(មានវីដេអូ)៖ ហាងផឹកស៊ីមួយកន្លែងក្នុងក្រុងសៀមរាប ចាក់ធុងបាស់ បង្កសំឡេងរំខាន ដល់អ្នកជិតខាង
ខេត្តសៀមរាប៖ នៅក្នុងអំឡុងរាត្រីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ យោងតាមប្រភពព័ត៌មានទទួលបានពីប្រជាប្រពលរដ្ឋបានឲ្យដឹងថា មានករណីចាក់ឧបករណ៍បំពងសម្លេងតន្រ្តី រំខានដល់ប្រជាពលរដ្ឋ នៅត្រង់ចំណុចចេញពីទីតាំងហាងមួយកន្លែងមានឈ្មោះ អាយ ប៊េច (Ice-Beach) នៅលើវីថី៧មករា ស្ថិតនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពបានរៀបរាប់ថា៖ ហាងខាងលើជាហាងជួបជុំផឹកស៊ី តែងតែចាក់ឧបករណ៍បំពងសម្លេងតន្រ្តី សំលេងលឺខ្លាំងៗ រៀងរាល់យប់ ចាប់ពីម៉ោង១០យប់ទៅ ធ្វើឲ្យប្រជាពលរដ្ឋមិនអាចដេកបាន កន្លងមកហាងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យា តែមិនបានគោរពអនុវត្តទៅតាមកិច្ចសន្យាឡើយ។
សូមរំលឹកថាទាក់ទង និងផ្លូវច្បាប់នៅក្នុងជំពូកទី៤ នៃសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ នៃផ្នែកទី១ ដែលនិយាយពី «ភាពស្ងប់ស្ងាត់» ត្រង់មាត្រា១៦ បានចែងថា ៖«ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ជាអាទិ៍៖
ក-ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។
ខ-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ។
គ-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ»។
មាត្រា១៧ ក៏បានចែងបន្ថែមថា៖«រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់១៤រសៀល និងចាប់ពីម៉ោង២២យប់ ដល់ម៉ោង៥ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
ជាចុងក្រោយប្រជាពលរដ្ឋសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជួយមានវិធានការ ចាត់ការតាមផ្លូវច្បាប់ នៅទីតាំងខាងលើនេះ។