ឆមាសទី១ឆ្នាំនេះ កម្ពុជាទទួលចំណូលពីវិស័យល្បែងពាណិជ្ជកម្ម ១២លានដុល្លារ កើនឡើងជិត១៦%
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលពីវិស័យល្បែងពាណិជ្ជកម្មបានប្រមាណ ១២លានដុល្លារអាមេរិក កើនឡើងជិត១៦% នៅឆមាសទី១ ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម រស់ ភីរុណ បានឲ្យដឹងថាការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្ម នៅមានចំនួនទាប និងមានភាពយឺតយ៉ាវនៅឡើយ ពោល គឺការប្រមូលចំណូលរយៈពេល ៦ខែដើមឆ្នាំនេះ បានតែ២៩.៦% នៃច្បាប់ថវិកាជាតិតែប៉ុណ្ណោះ ដោយច្បាប់នេះ បានកំណត់ឱ្យវិស័យល្បែងពាណិជ្ជកម្ម ត្រូវប្រមូលចំណូលឱ្យបានជាង ៤២លានដុល្លារ នៅឆ្នាំនេះ។
ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា នៅឆមាសទី២ ឆ្នាំ២០២៣ ការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនឹងកើនឡើង ក្រោយការហូរចូលនៃភ្ញៀវទេសចរអន្តរជាតិ៕