មនុស្ស៩នាក់ស្លាប់ និងជាង១០០នាក់របួស ក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកកាំជ្រួច នៅភាគខាងត្បូងប្រទេសថៃ
បាងកក៖ អាជ្ញាធរថៃបានឱ្យដឹងថា មានហេតុការណ៍ផ្ទុះបានកើតឡើង នៅឃ្លាំងស្តុកកាំជ្រួចមួយកន្លែង ស្ថិតក្នុងក្រុងស៊ូនហ្កៃ កូឡូក (Sungai Kolok) នៃខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ហើយបានផ្តាច់ជីវិតមនុស្ស៩នាក់ និងបង្កឱ្យជាង១០០នាក់ផ្សេងទៀត ទទួលរងរបួស។
អភិបាលខេត្ត Narathiwat លោក សាណន ពុងអៃសន (Sanon Pongaksorn) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ឃ្លាំងស្តុកកាំជ្រួចមួយកន្លែងនៅក្រុង Sungai Kolok បានផ្ទុះកាលពីរសៀលថ្ងៃសៅរ៍ ខណៈតួលេខអ្នកស្លាប់ចុងក្រោយបំផុតគឺ៩នាក់ និងរបួស១១៥នាក់។ ការស៉ើបអង្កេតបឋមឱ្យតំរុយថា មូលហេតុនៃការផ្ទុះ គឺបណ្តាលមកពីកំហុសបច្ចេកទេសអំលុងដំណើរការផ្សារដែក ដ្បិតឃ្លាំងនោះកំពុងស្ថិតក្រោមការសាងសង់»៕