លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣។
ការបោះឆ្នោត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ មានគណបក្សនយោបាយចំនួន ១៨ចូលរួមប្រកួតប្រជែង។ លទ្ធផលបណ្ដោះអាសន្ន ដែលប្រកាសដោយ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រសរុបចំនួន ៦,៣៩៨,៣១១សំឡេង, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រសរុប ៧១៦,៤៩០សំឡេង, គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រសរុបចំនួន ១៣៤,២៨៥សំឡេង។
សម្រាប់ការគណនាក្រៅផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥ អាសនៈ (ភ្នំពេញ ១, កណ្តាល ១, កំពង់ធំ ១, ព្រៃវែង ១ និងកំពង់ចាម ១)៕