លោកស្រី អោងសាន ស៊ូជី ទទួលបានការបន្ថយរយៈពេលជាប់ពន្ធនាគារពី៣៣ឆ្នាំ មកនៅត្រឹម២៧ឆ្នាំ
ណៃពិដោ៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ដែលសព្វថ្ងៃអាយុ៧៨ឆ្នាំ ទទួលបានការបន្ធូរបន្ថយ៦ឆ្នាំ សម្រាប់រយៈពេលដែលត្រូវជាប់ពន្ធនាគារសរុប ៣៣ឆ្នាំរបស់លោកស្រី នៅក្នុងការលើកទោសនាថ្ងៃអង្គារម្សិលមិញ។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក ហ្សរ មីនទុន (Zaw Min Tun) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានប្រកាសថា លោកស្រី ស៊ូជី ត្រូវបានលើកលែងទោសសម្រាប់បទល្មើសចំនួន៥ ក្នុងចំណោម១៩ ដែលលោកស្រីបានរងការចោទប្រកាន់។
លោកបន្តថា ប្រការនេះមានន័យថា រយៈពេលជាប់ពន្ធនាគារសម្រាប់លោកស្រី ស៊ូជី ត្រូវថយពី៣៣ឆ្នាំមកនៅត្រឹម២៧ឆ្នាំ។ រីឯអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក វីន ម្យីន (Win Myint) ដែលបានធ្លាក់ពីអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ ហើយស្ថិតក្រោមការឃុំឃាំងដូចលោកស្រី ដែរនោះទទួលបានការបន្ថយ៤ឆ្នាំ នៃរយៈពេលជាប់ពន្ធនាគាររបស់លោក។
សេចក្តីប្រកាសខាងលើ គឺជាផ្នែកនៃការលើកលែងទោសទូទាំងប្រទេសមីយ៉ាន់ម៉ា សម្រាប់អ្នកទោសជាង៧,០០០នាក់ នាឱកាសបុណ្យចូលវស្សា។ ក្នុងចំណោមនោះ អ្នកទោសមិនត្រូវបានបញ្ជាក់ចំនួន ដែលជាប់ទោសប្រហារជីវិត ក៏ទទួលបានការបន្ធូរបន្ថយមកនៅត្រឹមជា ការជាប់ពន្ធនាគារអស់មួយជីវិតវិញផងដែរ៕