លោកថាក់ស៊ីនលុបគម្រោងវិលចូលស្រុករហូតរដ្ឋាភិបាលដឹកនាំដោយបក្សភឿថៃបង្កើតឡើង

94
0 980

ជាថ្មីម្តងទៀត លោកថាក់ស៊ីន ស៊ីណាវ៉ាត្រាអតីតនាយករដ្ឋមន្រ្តីថៃ ដែលនិរទេសខ្លួនឯងទៅរស់នៅក្រៅប្រទេស បានលុបចោលគម្រោងវិលត្រលប់ចូលស្រុកវិញ ដែលគ្រោងធ្វើនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២៣។ ប្រភពពីគណបក្សភឿថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ផែនការរបស់អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការវិលត្រលប់ទៅកាន់ប្រទេសថៃវិញ នឹងត្រូវពន្យារពេលរហូតដល់រដ្ឋាភិបាល ដឹកនាំដោយគណបក្សភឿថៃត្រូវបានបង្កើតឡើង។ ប្រភពបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើដើម្បីធានាថា ការវិលត្រឡប់របស់លោកថាក់ស៊ីនប្រព្រឹត្តទៅដោយរលូន។

តែស្ថានការណ៍នយោបាយថៃពេលនេះបានបន្តជាប់គាំង ដោយកុំថាឡើយរូបរាងរដ្ឋាភិបាលថ្មី សូម្បីតែនាយករដ្ឋមន្រ្តីថ្មីក៏ថៃនៅមិនទាន់រើសបាននៅឡើយផង។ ពោល គេត្រូវរង់ចាំការដោះស្រាយបណ្តឹង ដែលបានប្តឹងទៅតុលាការធម្មនុញ្ញ តវ៉ាចំពោះការបដិសេធមិនទទួលយកបេក្ខភាពនាយករដ្ឋមន្រ្តីលោក Pita Limjaroenrat ប្រធានគណបក្សចលនាឆ្ពៅទៅមុខ(Move Forward )និងបញ្ហាចម្រូងចម្រាស់ផ្សេងៗទៀត ដែលធ្វើឱ្យនយោបាយថៃផ្លាស់ប្តូរទៅមុខដោយភាពវិជ្ជមានយឺតយ៉ាវបំផុត តាំងពីក្រោយការបោះឆ្នោតសកល នៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៣។

94 free

គណបក្សភឿថៃដែលគាំទ្រដោយលោកថាក់ស៊ីន បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងដកខ្លួនចេញពីសម្ព័ន្ធភាព៨គណបក្ស ដែលដឹកនាំដោយគណបក្សរបស់លោកPita ហើយនឹងតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក ស្រេតថា ថាវីស៊ីន Srettha Thavisinដើម្បីប្រជែងយកអាសនៈនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតសភាជុំបន្ទាប់។ គណបក្សភឿថៃ ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ នៅក្នុងការបោះឆ្នោតសកល បាននិយយថាខ្លួនកំពុងត្រៀមបង្កើតរដ្ឋាភិបាល ដោយគ្មានវត្តមានគណបក្សចលនាឆ្ពោះទៅមុខ ហើយបានដាក់ចេញនូវផែនការដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មីរួចរាល់ផងដែរ។

នៅពេលនេះ គណបក្សចំនួន៣ទំនងជាចូលរួមចងសម្ព័ន្ធភាពជាមួយប្លុកដែលដឹកនាំដោយគណបក្សភឿថៃ គឺគណបក្ស Bhumjaithai, Chartthaipattana និងគណបក្សប្រជាធិបតេយ្យ។ ចរន្តនៃដំណើរការច្របាច់បញ្ចូលគ្នា រវាងគណបក្សផ្សេងៗ ជាមួយគណបក្សភឿថៃ កំពុងស្ថិតនៅក្នុងការចរចាជាមួយគណបក្ស United Thai Nation (UTN) និងគណបក្ស Palang Pracharath (PPRP) ស្របពេលដែលសភា ពន្យារពេលបើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះ។ កាលបរិច្ឆេទនៃកិច្ចប្រជុំសភាជាថ្មី នៅមិនទាន់បញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយ រហូតដល់តុលាការធម្មនុញ្ញដោះស្រាយរឿងក្តីក្តាំទាក់ទងនឹងលោកPitaរួចរាល់សិន ដែលការសម្រេចចុងក្រោយរបស់តុលាការធម្មនុញ្ញ ទំនងជាធ្វើឡើងនៅថ្ងៃទី១៦ខែសីហា៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...