ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញការផលិតព័ត៌មានឲ្យកាន់តែមានគុណភាព ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ

94
0 976

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញមន្ដ្រីសារព័ត៌មាន ត្រូវមានគំនិតច្នៃប្រឌិតព័ត៌មានឲ្យកាន់តែមានគុណភាព ដើម្បីទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងកម្មវិធីបទបង្ហាញស្ដីពី «ថ្នាលអ៊ីនធឺណិតព័ត៌មាន» នាទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កាលពីយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍របស់កម្ពុជាគឺផ្តោត លើចតុកោណ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ គឺបញ្ចកោណ ដែលផ្តោតលើ មនុស្ស ទឹក ភ្លើង ផ្លូវ និងអ៊ីនធឺណិត ដើម្បីឲ្យស្របតាមនឹងការរីកចម្រើនតាមសម័យបច្ចេកវិទ្យា។

94 free

ឯកឧត្តមបានបន្ថែមថា ដូចនេះនៅក្នុងអាណត្តិថ្មី មន្ដ្រីព័ត៌មាននៃក្រសួងព័ត៌មានត្រូវបង្កើនការច្នៃប្រឌិត បង្កើនសមត្ថភាពតាមសម័យបច្ចេកវិទ្យា ទើបយើងអាចធ្វើការប្រកួតប្រជែងបាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា «អាណត្តិក្រោយនេះ គឺជាការប្រជែងផ្នែកព័ត៌មានគឺជាធំ។ បើសិនជាយើងនៅតែស្ទក់ៗ ដូចសព្វថ្ងៃនេះយើងនឹងមិនឈ្នះគេទេ។ ហើយបើយើងអន់ហើយ គេកម្រនឹងទម្លាក់លុយឲ្យយើងណាស់។ អ៊ីចឹងយើងត្រូវចាំថាអាណត្តិក្រោយ នេះគឺយើងត្រូវធ្វើការប្រយុទ្ធ ដើម្បីយកព័ត៌មាននេះគឺសំខាន់ណាស់។ ហើយបើចង់ឲ្យយើងមានថវិកា ឲ្យកាន់តែច្រើន គេទម្លាក់លុយឲ្យបានកាន់តែច្រើន គេហៅទៅថតបានច្រើន គឺត្រូវតែមានការច្នៃប្រឌិតរបស់យើង»។

សូមជម្រាបថា នៅក្នុងកម្មវិធីបទបង្ហាញស្ដីពី «ថ្នាលអ៊ីនធឺណិតព័ត៌មាន» នាសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៣ គឺមានក្រុមបច្ចេកទេសថ្នាលព័ត៌មាន អ៊ីនធឺណិដែលដឹកនាំដោយ លោក មែ ស៊ីខេងវ៉ាន់ឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និង ជាគ្រូបង្គោលដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ និងធ្វើបទបង្ហាញស្តីពីបច្ចេកវិទ្យាថ្មីៗ និងមានសមាសភាពថ្នាក់ដឹកនាំ សិក្ខាកាម ដែលបានចូលរួមចំនួន ៩៤រូប ដើម្បីបង្កើនសម្ថតភាពការងារ ឲ្យស្របតាមការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថល របស់ប្រទេសជាតិ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...